ពេលខ្លះ យើងមិនបាច់ទៅចង់ដឹងចង់ឮ ឬចង់បានហេតុផលពីអ្នកណាម្នាក់ទេ វាអត់ប្រយោជន៍ – Pelklas ជីវិត&កម្សាន្ត | Pelklas

ពេលខ្លះ យើងមិនបាច់ទៅចង់ដឹងចង់ឮ ឬចង់បានហេតុផលពីអ្នកណាម្នាក់ទេ វាអត់ប្រយោជន៍

ក្នុងទំនាក់ទទំនងមួយ មិនថាជាមិត្តភាព ឬស្នេហានោះទេ បើមានម្ខាងណាគេចង់ចាកចេញ ឬចង់បញ្ចប់ហើយនោះ ក៏រមែងមានម្ខាងទៀតដែលមិនអស់ចិត្ត ហើយព្យាយាមចង់ដឹងពីហេតុផល ចង់ដឹងការពិតថា ហេតុអ្វីត្រូវបែកគ្នា?

ហេតុអ្វីគេចាកចេញ? ឬក៏ ហេតុអ្វី នៅសុខៗ ម្នាក់នោះក៏ស្រាប់តែស្ងៀមស្ងាត់ មិននិយាយស្ដីរកយើង? ហេតុអ្វីម្នាក់នោះព្រងើយកន្តើយដាក់យើង?

ទាំងអស់នេះ គឺសុទ្ធតែជាអារម្មណ៍មិនជ្រះស្រឡះ របស់មនុស្សម្នាក់ដែល​មិនចង់បាត់បង់ មិនចង់បែកបាក់ តែវាជារឿងមួយដែលពិបាក ដែលយើងព្យាយាមទៅសួរដេញដោល ចង់ដឹងហេតុផលពីមនុស្សម្នាក់ដែលគេអស់ចិត្ត ឬគេមិនដែលនឹងគិតឱ្យតម្លៃយើង។

មនុស្សខ្លះ នៅសុខៗគេស្រាប់តែស្ងៀមស្ងាត់ទៅ ស្ងាត់ៗគេក៏អស់ចិត្តពីយើងទៅដោយគ្មានហេតុផល ឬមិនបានប្រាប់ពីហេតុផលច្បាស់លាស់ថា យើងនេះខុសអ្វី? យើងបានធ្វើអ្វីឱ្យគេមិនពេញចិត្ត?

ទាំងដែលការពិតយើងស្រឡាញ់គេអស់ពីចិត្ត យើងល្អជាមួយគេខ្លាំងបំផុត តែយ៉ាងណា ក៏យើងនៅតែមិនអាចផ្គាប់ចិត្តគេបានដដែល។

ត្រូវចាំថា ទោះយើងល្អប៉ុនណា ក៏មិនអាចផ្គាប់ចិត្តមនុស្សដែលចង់ចាកចេញពីយើង មនុស្សដែលអស់ចិត្តពីយើង មនុស្សដែលមិនបានឱ្យតម្លៃយើង ឬមនុស្សដែលស្អប់យើងបានដែរ។

444c45be0568da423c8b2464b736914d

មកដល់ចំណុចមួយ ប្រសិនបើម្នាក់នោះគេចង់បែកហើយ គេចង់ចាកចេញហើយ គេអស់ចិត្តហើយ គេព្រងើយកន្តើយនឹងយើងហើយ ចុងក្រោយដែលយើងត្រូវធ្វើគឺ បណ្ដោយតាមគេទៅ ទទួលស្គាល់ការពិតថា គេ និងយើង ពិតជាត្រូវតែបែកគ្នាមែន។

មិនចាំបាច់ព្យាយាម សួរនាំដេញដោល ចង់ដឹងហេតុផលអ្វីពីគេនោះទេ ដូចដែលបាននិយាយអ៊ីចឹងគឺ មនុស្សខ្លះ គេគ្មានហេតុផលសមស្របនឹងប្រាប់យើង ដូច្នេះ គេក៏មិនដឹងថាគួរប្រាប់យើងបែបណាដែរ សំខាន់ ជាមួយទំនាក់ទំនងមួយនោះ យើងបានធ្វើល្អបំផុតហើយ យើងស្មោះនឹងគេហើយ ហើយក៏បានព្យាយាមរក្សាតាំងពីដំបូងហើយដែរ។

ដូច្នេះ វាក៏ដល់ពេលដែលបែកបាក់ទៅ យើងត្រូវតែទទួលស្គាល់ការពិត ត្រៀមចិត្ត ធ្វើចិត្ត បើកចិត្ត ហើយក៏កាត់ចិត្ត ហើយត្រឡប់មករស់នៅជាមួយនឹងខ្លួនឯងវិញ ប្រើជីវិតខ្លួនឯងឱ្យបានល្អ ឈប់ខ្វល់ ឈប់ចង់ដឹងចង់ឮ ឬពាក់ព័ន្ធនឹងគេទៀត ធ្វើបានប៉ុណ្ណឹង អ្នកគឺជាមនុស្សដែលរីករាយ និងរឹងមាំខ្លាំងបំផុត៕