ខ្ញុំជាមនុស្សពិបាកផ្គាប់ចិត្ត ដូច្នេះហើយ ខ្ញុំមិនឱ្យអ្នកណាមកហត់នឿយនឹងផ្គាប់ចិត្តខ្ញុំនោះឡើយ កុំបារម្ភអី – Pelklas ស្នេហា | Pelklas

ខ្ញុំជាមនុស្សពិបាកផ្គាប់ចិត្ត ដូច្នេះហើយ ខ្ញុំមិនឱ្យអ្នកណាមកហត់នឿយនឹងផ្គាប់ចិត្តខ្ញុំនោះឡើយ កុំបារម្ភអី

ខ្ញុំជាមនុស្សពិបាកផ្គាប់ តែក៏ជាមនុស្សដែលងាយចុះសម្រុងបំផុតដែរ ... តាំងពីដើមមក ខ្ញុំមិនទាមទារឱ្យអ្នកណាមកផ្គាប់ ឬតម្រូវចិត្តខ្ញុំឡើយ ព្រោះខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថា គ្មានអ្នកណា អាចមកតម្រូវចិត្តខ្ញុំត្រូវទេ តែគ្រប់ពេល ខ្ញុំស្ម័គ្រចិត្តសម្របតាមអ្នកជុំវិញខ្លួន ព្រោះវាជារឿងដែលងាយជាង។

ខ្ញុំមិនបន្ទោសឡើយ ពេលដែលមានអ្នកធ្វើឱ្យខ្ញុំខឹង ខ្ញុំក៏មិនខឹង នៅពេលដែលគ្មានអ្នកណាមកខ្វល់ អើពើនឹងខ្ញុំ ហើយខ្ញុំក៏មិនអន់ចិត្តដែរ នៅពេលដែលគ្មានអ្នកណាមកលួងលោមខ្ញុំនោះដែរ ... ព្រោះពេលដែលខឹង អន់ចិត្ត មិនមែនព្រោះអ្នកដទៃមកធ្វើអ្វីខ្ញុំនោះឡើយ តែព្រោះតែចិត្ត និងអារម្មណ៍របស់ខ្ញុំទន់ជ្រាយដោយខ្លួនឯងទៅវិញទេ។

Screen Shot 2021 10 17 At 11.08.07 PM

ខ្ញុំស្គាល់ខ្លួនឯងច្បាស់ ដឹងថាខ្លួនឯងជាមនុស្សបែបណា ដូច្នេះហើយ ទើបខ្ញុំមិនឱ្យអ្នកណាមកលំបាកដោយសារតែខ្ញុំតែម្នាក់នោះឡើយ។ ខ្ញុំមិនងាយនឹងប្រកាន់ផ្ដេសផ្ដាសឡើយ ទោះរឿងខ្លះ ស្ដាប់ទៅវាហាក់ធំដុំប៉ុនណាក៏ដោយ តែខ្ញុំបែងចែកច្បាស់លាស់ ថាជាការលេងសើច ឬការពិត។ តែរឿងដែលខ្ញុំប្រកាន់ ទោះតិចតួច ឬតូចតាចប៉ុនណា ក៏ខ្ញុំប្រកាន់ដែរ ជាពិសេសគឺ ផ្ដោតទៅលើកាលៈទេសៈ បញ្ហា រឿងរ៉ាវ និងមនុស្សដែលខ្ញុំដាក់ចិត្តប្រកាន់។

ខ្ញុំដឹងថា ការផ្គាប់តម្រូវចិត្តនរណាម្នាក់ វាមិនមែនជារឿងដែលងាយស្រួលនោះឡើយ ដូច្នេះហើយ ទើបខ្ញុំមិនចង់ឱ្យអ្នកណាមកផ្គាប់ចិត្តខ្ញុំនោះឡើយ ខ្ញុំដឹងថា ខ្លួនឯងពិបាកផ្គាប់ តែមនុស្សខ្ញុំងាយនឹងចុះសម្រុង ហើយក៏ព្រមសម្របតាមមនុស្សនៅជុំវិញខ្លួនខ្ញុំបានយ៉ាងងាយដែរ ដូច្នេះហើយ មិនបាច់ហត់នឿយនឹងគិតផ្គាប់ខ្ញុំនោះឡើយ ហើយក៏មិនបាច់បារម្ភពីខ្ញុំនោះដែរ។

Screen Shot 2021 10 17 At 11.07.34 PM

ប៉ុន្តែ មានម្យ៉ាង ដែលខ្ញុំចង់និយាយ ទោះបីខ្ញុំជាមនុស្សពិបាកផ្គាប់ ទោះបីខ្ញុំជាមនុស្សងាយចុះសម្រុង មនុស្សខ្ញុំងាយប៉ុនណា​ចិត្តទូលាយប៉ុនណា តែមិនប្រាកដថា ខ្ញុំព្រមឱ្យគ្រប់គ្នាកេងចំណេញលើខ្ញុំនោះដែរ។ សុំម្យ៉ាង សូមគោរពខ្ញុំ ឱ្យតម្លៃខ្ញុំ ស្មោះត្រង់ចំពោះខ្ញុំ មិនថាបែបណា គោរពសិទ្ធខ្ញុំផង កុំព្យាយាមកេងចំណេញ កុំមើលងាយ ឬប្រមាថខ្ញុំឱ្យសោះ ព្រោះខ្ញុំមិនងាយអត់ឱន ឬបំភ្លេចរឿងដែលខ្ញុំប្រកាន់នោះឡើយ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ