រៀបការដើម្បីអ្វី? សំណួរនេះ ប្រហែលចាក់ដោតអារម្មណ៍ស្រីៗសម័យឥឡូវ ព្រោះមិនចង់រៀបការ – Pelklas ជីវិត&កម្សាន្ត ស្នេហា | Pelklas

រៀបការដើម្បីអ្វី? សំណួរនេះ ប្រហែលចាក់ដោតអារម្មណ៍ស្រីៗសម័យឥឡូវ ព្រោះមិនចង់រៀបការ

ជាការពិត មនុស្សម្នាក់ត្រូវតែមានគូ​ គ្រប់គ្នាត្រូវតែរៀបការ សាងគ្រួសារមួយជារបស់ខ្លួនឯង ប៉ុន្តែ ការរៀបការ គឺជារឿងសំខាន់មួយផ្នែកសម្រាប់ជីវិត ដែលត្រូវគិត សម្រេចចិត្តឱ្យបានមត់ចត់ ព្រោះយើងត្រូវទទួលយកមនុស្សម្នាក់ផ្សេងទៀត ដែលពុំធ្លាប់ជាអ្វីនឹងយើងសោះ ឱ្យចូលមករួមដំណើរ ស្មើនឹងពាក់កណ្ដាលជីវិតជាមួយនឹងយើង ដូច្នេះហើយ មិនអាចលេងសើច រៀបការយ៉ាងឆាប់រហ័សបានឡើយ។

ប៉ុន្តែសំណួរសួរថា " តើរៀបការដើម្បីអ្វី? ដើម្បីឱ្យខ្លួនឯងមានគូ មានអនាគត មានគ្រួសារ ដើម្បីក្ដីសុខ សុភមង្គលក្នុងជីវិតខ្លួនឯង ឬរៀបការព្រោះតែខ្លាចគេថា នៅព្រៅ សៅកែ គ្មានអ្នកណាស្រឡាញ់ រៀបការព្រោះខ្លាចខ្មាសគេ? "

 

A900e6bc0f76b551f3ff387706ad8e23

យុវវ័យមួយចំនួន សុខចិត្តរៀបការព្រោះតែហេតុផលមិនសមស្របជាច្រើន ៖

- រៀបការព្រោះតែត្រូវម៉ាក់ប៉ាបង្ខំ

- រៀបការព្រោះចង់បានលុយបណ្ណាការ លុយចំណងដៃយកមករកស៊ី

- រៀបការព្រោះខ្លាចញាតិមិត្ត បងប្អូនសើចចំអក

- រៀបការព្រោះតែឃើញគេការអស់

- រៀបការព្រោះតែអាយុច្រើន ខ្លាចចាស់ខក

- រៀបការព្រោះតែបញ្ហានៅក្នុងគ្រួសារ

- រៀបការព្រោះតែចង់បំភ្លេចស្នេហាចាស់

- រៀបការព្រោះសម្លឹងឃើញទ្រព្យសម្បត្តិគេ

- រៀបការព្រោះឃើញក្រុមគ្រួសារគេជាអ្នកមាន

- រៀបការព្រោះតែអារម្មណ៍ជ្រួលច្រាលមួយឆាវ -ល-។

7f78084c1dc5b03817fd1bd1e89eba5a

សួរថា ការសម្រេចចិត្តរៀបការព្រោះតែចំណុចទាំងប៉ុន្មានហ្នឹង សង្ឃឹមទេថា ជីវិតរៀបការ ជីវិតគ្រួសាររបស់អ្នក នឹងបានល្អប្រសើរ មានក្ដីសុខ មានសុភមង្គលពិតប្រាកដនោះ? ការរៀបការ មិនមែនគ្រាន់តែរៀបការដើម្បីលុបលាងភាពអាម៉ាស់ មិនមែនរៀបការព្រោះតែលុយ មិនមែនរៀបការព្រោះតែចង់លើកមុខមាត់ឱ្យក្រុមគ្រួសារ ក៏មិនមែនរៀបការព្រោះតែចង់គេចពីបញ្ហាប៉ុណ្ណឹងនោះទេ មិនថាអ្នកនៅក្មេង ឬអាយុច្រើនប៉ុនណាក៏ដោយ កុំសម្រេចចិត្តរៀបការព្រោះតែហេតុផលអស់ទាំងហ្នឹង វាមិនគប្បី ហើយវាក៏មិនមានក្ដីសុខ​និងសុភមង្គលសម្រាប់ដៃគូ ជាពិសេសគឺ សម្រាប់អ្នកខ្លួនឯងផ្ទាល់។

254a24dbf0ec1d0e9342c5a0789c74ac

មុននឹងសម្រេចចិត្តរៀបការ អ្នកត្រូវដឹងថា ជីវិតគូត្រូវតែបានយូរអង្វែង មិនមែនដូចសង្សារចង់បែក ចង់ដូរពេលណាក៏បាននោះទេ។ ជីវិតប្ដីប្រពន្ធ គឺត្រូវអត់ធន់គ្រប់រឿង រឿងតូចរឿងធំ រឿងធ្ងន់រឿងស្រាល គឺត្រូវអត់ឱន និងអធ្យាស្រ័យឱ្យគ្នាឱ្យបាន។ រៀបការ គឺត្រុវជ្រើសយកអ្នកណាដែលអ្នកយល់ថា គេអាចផ្ដល់ស្នាមញញឹម និងក្ដីសុខសុភមង្គលឱ្យដល់គ្រួសារមួយនេះបាន អាចធ្វើគ្រប់យ៉ាង ដើម្បីឱ្យគ្រួសារមួយនេះ មានមុខមានមាត់ក្នុងសង្គម មិនមែនការរកអ្នកធំមកហើយ យំសោក បោកខ្លួន គ្រាំគ្រាចិត្ត ហត់នឿយគំនិតរាល់ថ្ងៃនោះឡើយ។​ រៀបការដើម្បីឱ្យខ្លួនឯងមានអនាគត មានក្ដីសុខ គ្រួសារមានសុភមង្គល មិនមែនបង្អូតអ្នកផ្សេង ប្រជែងអ្នកណានោះទេ៕

អត្ថបទ ៖ គេហទំព័រក្នុងស្រុក