៥ ចំណុចដែលអាចបញ្ជាក់បានថា មនុស្សប្រុសម្នាក់នោះ គាត់ពិតជាច្បាស់លាស់នៅក្នុងទំនាក់ទំនងជាមួយអ្នក - Pelklas ជីវិត&កម្សាន្ត | Pelklas

៥ ចំណុចដែលអាចបញ្ជាក់បានថា មនុស្សប្រុសម្នាក់នោះ គាត់ពិតជាច្បាស់លាស់នៅក្នុងទំនាក់ទំនងជាមួយអ្នក

ជាការពិត បើនិយាយដល់រឿងស្នេហា មនុស្សណាក៏ចេះស្មោះ មនុស្សណាក៏អាចច្បាស់លាស់ដែរ គ្រាន់តែអ្នកខ្លះ​ អាចថា គាត់មិនទាន់នឹងអាចកែប្រែ ឬគាត់មិនទាន់បានជួបមនុស្សដែលគាត់ស្រឡាញ់ពិតប្រាកដតែប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើមនុស្សប្រុសណាម្នាក់ គាត់ចាប់ផ្ដើមច្បាស់លាស់ជាមួយនឹងទំនាក់ទំនង គាត់ប្រាកដប្រជាជាមួយនឹងអ្នក នោះគាត់នឹងបង្ហាញនូវទង្វើទាំង៥ចំណុចនេះ ដូច្នេះ អ្នកអាចសង្កេតមើលតាម៥ចំណុចខាងក្រោមនេះ ៖

១. គាត់មិនខ្វល់ពីរូបរាងខាងក្រៅ ឬសម្រស់របស់អ្នកឡើយ

នៅពេលដែលមនុស្សម្នាក់ស្រឡាញ់អ្នកពិត នោះរូបរាង រូបសម្រស់ខាងក្រៅរបស់អ្នក គឺវាលែងសំខាន់សម្រាប់គាត់ទៀតហើយ ព្រោះគាត់ផ្ដោត និងស្រឡាញ់អ្នកទៅលើចិត្តគំនិត និងអត្តចរិតរបស់អ្នក គាត់មិនខ្វល់ទេថា អ្នកនឹងប្រែរូបរាងទៅជាបែបណា គាត់ដឹងត្រឹមថា អ្នកជាមនុស្សដែលគាត់សម្រេចចិត្តជ្រើស និងជាមនុស្សដែលគាត់ស្រឡាញ់យ៉ាងពិតប្រាកដ។

294594181_952484612816867_7276451280070772752_n

២. គាត់នឹងព្យាយាមបង្ហាញគ្រប់គ្នាថាគាត់មានទំនាក់ទំនងជាមួយអ្នក

មនុស្សប្រុសមិនងាយនឹងណែនាំដៃគូឱ្យអ្នកណាបានដឹងទេ ជាពិសេសនោះគឺ គ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់គេ តែបើគេច្បាស់លាស់ នឹងនជាមួយនឹងទំនាក់ទំនងហើយនោះ​ គេប្រាកដជាព្យាយាមនាំយើងទៅគ្រប់ទីកន្លែង ព្យាយាមបង្ហាញឱ្យអ្នកជុំវិញខ្លួនបានដឹងថា គេមានមនុស្សដែលគេស្រឡាញ់ហើយ គេមានមនុស្សដែលគេច្បាស់លាស់ហើយ ហើយម្នាក់នោះ គឺមនុស្សដែលគេតែងតែបណ្ដើរចេញក្រៅ និងបង្ហោះរូបជាមួយនេះឯង។

៣. គាត់តែងតែចំណាយពេលនៅជាមួយអ្នក

សេចក្ដីស្រឡាញ់មួយដ៏ពិតប្រាកដ មិនថារវល់ មមាញឹកប៉ុនណាទេ គឺគេតែងតែលះបង់ពេលវេលា ឆ្លៀតពេលបានជានិច្ចដើម្បីយើង ជាពិសេសនោះគឺ គេតែងតែចង់នៅក្បែរយើងឱ្យបានច្រើន កំដរយើងគ្រប់ពេលវេលា នេះបញ្ជាក់បានថា អារម្មណ៍គេពិតជាសប្បាយរីករាយ និងកក់ក្ដៅ គ្រប់ពេលដែលមានយើងនៅក្បែរ។

295051527_952484679483527_101245498042772628_n

៤. គាត់នឹងព្យាយាមសម្របតាមអ្នក

មិនថាការគិត ឬសម្រេចចិត្តលើអ្វីនោះឡើយ បើទោះបីជាមិនមែនជាចំណង់ចំណូលចិត្ត ឬអ្វីដែលគាត់ចង់បានក៏ដោយ តែគាត់នៅតែអាចទទួលយក ព្រោះគាត់គោរពតាមការសម្រេចចិត្តរបស់អ្នក គាត់ព្យាយាមសម្របតាមអ្នកជានិច្ច និយាយជារួមគឺ មិនប្រឆាំងនឹងការសម្រេចចិត្តរបស់អ្នកនោះឡើយ។

៥. គាត់នឹងឈ្វេងយល់ពីចំណង់ចំណូលចិត្តរបស់អ្នក

មនុស្សម្នាក់ៗគឺមានចំណង់ចំណូលចិត្តខុសគ្នា ដូច្នេះហើយ គាត់នឹងព្យាយាមឈ្វេងយល់ពីអ្នកឱ្យបានច្រើនដូចជា អ្នកចូលចិត្តញ៉ាំអី ចូលចិត្តធ្វើអី ចូលចិត្តទៅណា ឱ្យតែអ្វីដែលជាអ្នក គាត់ប្រាកដជាព្យាយាមយល់ និងកំណត់ចំណាំ ដើម្បីបញ្ជាក់ថា គាត់យកចិត្តទុកដាក់នឹងអ្នកគ្រប់ពេល អ្នកសំខាន់សម្រាប់គាត់ជានិច្ច៕

អត្ថបទ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធ)