ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID ​និងអង្គការដៃគូក្នុងវិស័យ បរិស្ថាន ចាប់ផ្តើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីកាត់បន្ថយការទិញនិងការហូបសាច់សត្វព្រៃ - Pelklas តេស្តIQ | Pelklas

ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID ​និងអង្គការដៃគូក្នុងវិស័យ បរិស្ថាន ចាប់ផ្តើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីកាត់បន្ថយការទិញនិងការហូបសាច់សត្វព្រៃ

ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២៖ ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF កម្ពុជា) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) បានរួមគ្នាចាប់ផ្តើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថ សង្គមលើកទីពីរ ដើម្បី ការពារព្រៃឈើ និងសត្វព្រៃ នៅ កម្ពុជា។  យុទ្ធនាការការពារសត្វព្រៃយើង៖ ការកាត់បន្ថយ ការដាក់អន្ទាក់ ការទិញ/លក់ និង ការហូបសាច់សត្វព្រៃ ជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់-សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលផ្តោត លើការ កាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ ដោយសារ ការហូបសាច់សត្វព្រៃ អាចប៉ះពាល់ដល់ សុខភាព និងជម្រុញឱ្យមានការប្រមាញ់សត្វព្រៃ។ យុទ្ធនាការទីពីរ ក្នុងចំណោមយុទ្ធនាការចំនួនបី ដែលផ្តល់ ខ្លឹមសារ និងសារគន្លឹះ តាមរយៈប្រព័ន្ធ ពហុផ្សព្វផ្សាយ ដើម្បីគាំទ្រយុវជន ឲ្យក្លាយជា «ជើងឯកបៃតង» គំរូ ក្នុងការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្ត ប្រកបដោយជោគជ័យរបស់ពួកគេ ជុំវិញកិច្ចការពារធនធានធម្មជាតិ របស់កម្ពុជា។

លោក រីឆាត ឈិន ប្រធានការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា «សត្វព្រៃ គឺជាផ្នែកមួយដ៏សំខាន់នៃមរតកជាតិរបស់ប្រទេសកម្ពុជា និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និង សេដ្ឋកិច្ច។ យើងសង្ឃឹមថា ការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ក្នុងការពារសត្វព្រៃ»។

Screen Shot 2022 06 22 At 3.20.33 PM

គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ពង្រឹងការយល់ដឹងជាសាធារណៈ ក្នុងគោលដៅ ផ្លាស់ប្តូរ ឥវិយាបថ ដើម្បីការពារព្រៃឈើនិងសត្វព្រៃ តាមរយៈការផ្សព្វផ្សាយសារគន្លឺះសំខាន់ៗ ស្តីពី ការកាត់បន្ថយ តម្រូវការទិញនិងហូបសាច់សត្វព្រៃ ដើម្បីចូលរួមការពារព្រៃឈើនិងសត្វព្រៃ និង ធានាចីរភាពនៃជីវភាព រស់នៅរបស់សហគមន៍។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបានប្រសាសន៍ថា «ប្រជាជនកម្ពុជាគ្រប់ៗរូប ទាំងក្មេងនិងចាស់ មានភារកិច្ចរួមមួយ ក្នុងការអភិរក្សនិងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង។ ក្រសួងបរិសា្ថន អំពាវនាវ ឲ្យប្រជាជនទាំងអស់ ឈប់ហូបសាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត។ យើង ទទូច ឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស និយាយថា «ទេ ចំពោះសាច់សត្វព្រៃ» និងចូលរួមក្នុងកិច្ច ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងជំនួញសត្វព្រៃខុសច្បាប់ ក៏ដូចជាចូលរួមក្នុងការអភិរក្ស ធនធានធម្មជាតិ របស់ព្រះរាជាណាចក្រយើង»។

Screen Shot 2022 06 22 At 3.20.13 PM

យុទ្ធនាការនេះ ក៏ជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់-សូន្យ ដែលដឹកនាំដោយ ក្រសួងបរិស្ថាន សហការជាមួយ អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF កម្ពុជា) ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) អង្គការ អភិរក្សអន្តរជាតិ (CI) អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (FFI) អង្គការ ជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) និងសហគមន៍ មូលដ្ឋាន។ យុទ្ធនាការអន្ទាក់-សូន្យ បានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ មានគោលបំណង លុបបំបាត់​ការប្រើអន្ទាក់​គ្រប់​ប្រភេទ ការជួញដូរ និងបញ្ចប់តម្រូវការសត្វព្រៃនិងផលិតផលធ្វើពីសត្វព្រៃ ផ្សេងទៀត នៅកម្ពុជា។ យុទ្ធនាការអន្ទាក់-សូន្យ​ នេះ នឹងបញ្ចប់ នៅខែវិចិ្ឆកា ឆ្នាំ២០២២ ដោយផ្តោតលើ ខេត្តចំនួន ប្រាំមួយ គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគីរី កំពង់ធំ និង រតនគីរី។

Screen Shot 2022 06 22 At 3.16.34 PM

Screen Shot 2022 06 22 At 3.17.03 PM

###

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង៖

ឯកឧត្តម នេត្រ ភក្ត្រា

រដ្ឋលេខាធិការ ក្រសួងបរិស្ថាន

លេខទូរស័ព្ទ៖ ០១២​ ៤៨៣ ២៨៣

លោក អ៊ុក ស៊ីសុវណ្ណ

ប្រធាន​គម្រោង

គម្រោង អនាគតបៃតងកម្ពុជាUSAID

អ៊ីម៉ែល៖ souk@ecodit.com.kh

លេខទូរស័ព្ទ៖ ០១២ ៨១១ ៣៩៩

ព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់-សូន្យ នៅក្នុងងតំបន់ការពារធម្មជាតិកម្ពុជា

 ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់ អន្ទាក់ដែលបាន និងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងការជួញដូរសត្វព្រៃដោយខុសច្បាប់។ ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់ ក្រសួង បរិស្ថាន បានសហការជាមួយ អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF កម្ពុជា) ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការសមាគមអភិរក្ស សត្វព្រៃ (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (FFI) និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) បានបើក យុទ្ធនាការអន្ទាក់-សូន្យ នៅក្នុងតំបន់ការពារធម្មជាតិ កម្ពុជា និងបានប្តេជ្ញាចិត្តរួមគ្នា លុបបំបាត់​ការប្រើអន្ទាក់​គ្រប់​ប្រភេទ ការជួញដូរ និងបញ្ចប់តម្រូវការសត្វព្រៃ និង ផលិតផលសត្វព្រៃផ្សេងទៀត នៅកម្ពុជា។ យុទ្ធនាការនេះ មានរយះពេល៩ខែ ចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ ផ្តោតលើខេត្តចំនួនប្រាំមួយ គឺ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគីរី កំពង់ធំ និងរតនគីរី។

ក្រសួងបរិស្ថាន និងស្ថាប័ន-អង្គការដៃគូ ក៏បានសហការគ្នា ផ្តល់ជម្រើសជីវភាពរស់នៅរបស់សហគមន៍ មានដូចជាគំនិតផ្តួចផ្តើមផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងអេកូទេសចរណ៍ ដល់ប្រជាពលរដ្ឋដែលរស់នៅជាប់តំបន់ ការពារធម្មជាតិ ដែលពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើនិងការបរបាញ់តាមបែបប្រពៃណី ដើម្បីបាន សាច់មកហូប និងសម្រាប់លក់។ កិច្ចខិតខំប្រឹងប្រែងនេះ ក៏នឹងស្វែងរកការផ្លាស់ប្តូរចំណង់ចំណូលចិត្ត និង ឥរិយាបថរបស់ប្រជាពលរដ្ឋ ក្នុងការទិញនិងការហូបសាច់សត្វព្រៃ ដើម្បីការពារ សុខភាពសាធារណៈ ពីហានិភ័យជំងឺរាតត្បាត នាពេលអនាគត។