បន្ទាប់ពីបែកគ្នា គឺអ្នកជាអ្នកសម្រេចចិត្ត ធ្វើជាមនុស្សរឹងមាំ ឬទន់ជ្រាយ – Pelklas ជីវិត&កម្សាន្ត ស្នេហា | Pelklas

បន្ទាប់ពីបែកគ្នា គឺអ្នកជាអ្នកសម្រេចចិត្ត ធ្វើជាមនុស្សរឹងមាំ ឬទន់ជ្រាយ

តាមពិត វាអត់ប្រយោជន៍មែន ...!

ខ្ញុំធ្លាប់ចង់ផ្ចាញ់អ្នកចាស់ ខ្ញុំក៏ដើរលេង ស៊ីផឹក ដើម្បីឱ្យគេមើលមកគិតថា គ្មានគេ ខ្ញុំសប្បាយចិត្ត គ្មានគេ ខ្ញុំក៏អាចរកក្ដីសុខឱ្យជីវិតខ្លួនឯងបានដែរ ... !

ខ្ញុំធ្លាប់បង្ហោះសារនៅលើបណ្ដាញ បង្ហាញពីអារម្មណ៍សេដ ឈឺចាប់ ខ្ញុំធ្លាប់ត្អូញត្អែរ ព្រោះតែចង់ឱ្យគេឃើញថា ខ្ញុំខូចចិត្តពេលដែលគ្មានគេ ខ្ញុំចង់ឱ្យគេអាណិត ចង់ឱ្យគេគិតដល់ខ្ញុំ ខ្ញុំក៏ចង់ឱ្យគេចាប់អារម្មណ៍នឹងខ្ញុំ ...!

Image_2022 04 27_140038894

តែក្រោយមកខ្ញុំក៏ដឹងថា ទោះខ្ញុំបង្ហាញទៅនៅក្នុងស្ថានភាពបែបណា ទោះខ្ញុំជ្រើសរើសការផឹកស៊ីសប្បាយ ប៉ោឡែ ឬខ្ញុំស្ថិតក្នុងសភាពឈឺចាប់ខូចចិត្តព្រោះតែគេ ក៏គេមិនខ្វល់ពីសុខទុក្ខរបស់ខ្ញុំដែរ ព្រោះខ្ញុំមិនសំខាន់សម្រាប់គេឡើយ ... ផ្ទុយទៅវិញ អ្វីដែលខ្ញុំបង្ហាញទៅនោះ បែរជាធ្វើឱ្យគេបានចិត្ត គិតថា អវត្តមានគេមានឥទ្ធិពលមកលើខ្ញុំ អ្វីដែលខ្ញុំបង្ហាញទៅ គេអាចមើលដឹងចិត្តខ្ញុំ ហើយយល់ថា គេនោះអស្ចារ្យ គេសំខាន់សម្រាប់ខ្ញុំ.

តែមកដល់ពេលនេះ ខ្ញុំយល់ហើយថា ការផ្ចាញ់ផ្ចាលទៅគេ ដោយប្រើការដើរលេងស៊ីផឹកវាគ្មានប្រយោជន៍ទេ។ ការដ្រាម៉ា ត្អូញត្អែរ ឱ្យគេឃើញពីភាពទន់ជ្រាយ ក៏គ្មានប្រយោជន៍ដែរ មានតែត្រូវគេជាន់ថែមតែប៉ុណ្ណោះ។

ទីបំផុត ខ្ញុំក៏រកឃើញវិធីម្យ៉ាងដែលអាចឱ្យគេឈឺចាប់ពេលដែលបាត់បង់ខ្ញុំ នោះគឺ ៖

Image_2022 04 27_140054028

- ខ្ញុំត្រូវរស់នៅឱ្យបានល្អ មានក្ដីសុខជាមួយនឹងការប្រឈមមុខ អភ័យ ហើយក៏បំភ្លេច ដោះលែង!

- ខ្ញុំត្រូវរស់នៅដោយភាពរីករាយ ជាមួយនឹងរឿងល្អៗ រស់នៅជាខ្លួនឯង មិនបាច់ប្រឹងសម្ដែងឱ្យគេឃើញទៀតឡើយ!

- ខ្ញុំជ្រើសយកការបន្ធូរអារម្មណ៍ សន្សំកម្លាំងដោយការធ្វើការងារដែលខ្លួនស្រឡាញ់ បំពេញតួនាទីរបស់ខ្លួនឯង ហើយប្រឹងរកលុយឱ្យបានច្រើន ដើម្បីទិញអ្វីដែលល្អៗឱ្យខ្លួនឯង ធ្វើការងារហត់នឿយ ក៏ជូនខ្លួនឯងទៅកន្លែងដែលខ្លួនចង់ទៅ មានពេលសម្រាកលំហែរអារម្មណ៍ឱ្យបានច្រើន!

- ខ្ញុំជ្រើសរើសការចេញទៅក្រៅជាមួយនឹងមិត្តភក្តិ បែបយូរៗជួបគ្នាម្ដង!

- ខ្ញុំជ្រើសរើសភាពស្ងាត់ស្ងៀមនៅក្នុងបណ្ដាញហ្វេសប៊ុគ ឈប់ត្អូញត្អែរ ហើយក៏ឈប់ស៊ែអីដែលមើលទៅសប្បាយ ទាំងការពិតមិនមែននោះឡើយ!

- ខ្ញុំក៏ជ្រើសរស់នៅម្នាក់ឯងបន្តសិន មិនទទួលយកស្នេហាថ្មី ឬអ្នកថ្មី ដើម្បីមកជំនួសគេ​ ឬបញ្ឈឺគេនោះទេ សំខាន់ ខ្ញុំត្រូវចំណាយពេលមើលមនុស្សដែលចូលមកក្នុងជីវិតខ្ញុំម្ដងទៀត កុំឱ្យចោលម្សៀតដូចអ្នកចាស់!

ជម្រើសដែលខ្ញុំបានជ្រើសរើស វាក៏ធ្វើឱ្យខ្ញុំសប្បាយចិត្ត មានក្ដីសុខសុភមង្គលជាងមុនឆ្ងាយណាស់ ហើយក៏ធ្វើឱ្យខ្ញុំកាន់តែឆ្លាត និងរឹងមាំជាងមុនផងដែរ។ ពេលខ្លះ ការផ្ចាញ់ ឬត្អូញត្អែរ រឹតតែធ្វើឱ្យខ្លួនឯងគ្មានតម្លៃតែប៉ុណ្ណោះ៕

អត្ថបទ ៖ pHknongsrok / Knongsrok

អំពីអ្នកសរសេររបស់យើង៖ PEL KLAS