តើហេតុអ្វីបានជាពួកនាងរកសង្សារមិនបាន? ថ្ងៃនេះខ្ញុំចង់លើកយករឿងរ៉ាវក្នុងប្រទេសចិនខ្លះៗមកនិយាយ។ – Pelklas ជីវិត&កម្សាន្ត | Pelklas

តើហេតុអ្វីបានជាពួកនាងរកសង្សារមិនបាន? ថ្ងៃនេះខ្ញុំចង់លើកយករឿងរ៉ាវក្នុងប្រទេសចិនខ្លះៗមកនិយាយ។

តើហេតុអ្វីបានជាពួកនាងរកសង្សារមិនបាន? ថ្ងៃនេះខ្ញុំចង់លើកយករឿងរ៉ាវក្នុងប្រទេសចិនខ្លះៗមកនិយាយ។

នៅក្នុងសង្គមចិនបច្ចប្បុន្នគេអាចយកគ្នាជាសង្សារ ហើយនៅជាមួយគ្នាដូចប្តីប្រពន្ធ ហើយខាងប្រុសជាអ្នកចិញ្ចឹម ចេញថ្លៃជួលផ្ទះ ទឹក ភ្លើង ម្ហូប គ្រឿងតែងខ្លួន ការ Shopping របស់ខាងស្រីទាំងអស់ ហើយប្រាក់ខែរបស់ខាងប្រុស ក៏ត្រូវប្រគល់ឱ្យខាងស្រីជាអ្នកកាន់ ប៉ះស្រីខ្លះអាត្មានិយម សូម្បីឪពុកម្តាយខាងប្រុសឈឺ ក៏នាងមិនដកលុយឱ្យទៅពេទ្យដែរ។

ពេលនិយាយដល់រឿងរៀបការ គេនឹងនិយាយដល់រឿងថ្លៃទឹកដោះកប់ពពក ទិញផ្ទះបង់រំលស់ដំបូង និងថ្លៃជួសជុលតម្រូវឱ្យម្តាយខាងប្រុសជាអ្នកស្វែងរកលុយមកបង់ ហើយដាក់ឈ្មោះខាងស្រីទៀត ឪពុកម្តាយខាងប្រុសត្រូវលក់ផ្ទះចាស់របស់ខ្លួន និងលុយសម្រាប់ចូលនិវត្តរបស់ខ្លួន ដើម្បីតែកូនប្រុសមានប្រពន្ធនឹងគេ។

១

និយាយរួម ក៏ព្រោះតែពាក្យលើកទឹកចិត្តនៅក្នុងប្រព័ន្ធបណ្តាញសង្គម ដែលគេឱ្យឈ្មោះថា《ស៊ុបមាន់ថ្នាំពុល 毒鸡汤》គេនិយាយថា ៖ " ពេលស្រឡាញ់គ្នា គឺត្រូវតែមើលថែនាង ស្រឡាញ់នាងឱ្យដូចជាព្រះនាង

ត្រូវទ្រាំនឹងការរករឿងឥតហេតុផលទាំងអស់របស់នាង។ អ្នកត្រូវតែទិញរបស់ដែលល្អបំផុតឱ្យនាង ទើបអាចបញ្ជាក់ពីការស្រឡាញ់របស់អ្នកចំពោះនាង។ ការតុបតែងខ្លួនរបស់នាង ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់អ្នក។

បុណ្យសង្សារ បុណ្យខួបកំណើត Anniversary បុណ្យអីក៏ដោយក៏ត្រូវតែឆ្លង មានបាច់ផ្កា មានកាដូ ក្រែម ទឹកអប់ កាបូបមួយណាក៏មិនអាចខ្វះបានដែរ។

ពេលគេនិយាយពាក្យទាំងនេះ ស្តាប់ទៅដូចជាមិនមានបញ្ហាអ្វីទេ! ប៉ុន្តែធាតុពិតនៅពីក្រោយខ្នងពាក្យទាំងអស់នេះ គឺជាការបញ្ចុះបញ្ចូលឱ្យអ្នកចំណាយលុយ (ជាការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន) រឹតតែពិសពុលជាងនេះទៀតគេនិយាយថា ៖ មនុស្សប្រុសដែលមិនចេះលួងមនុស្សស្រី គឺជាមនុស្សប្រុសដែលកើតមហារីកពោះវៀន។ មនុស្សប្រុសមានកម្ពស់ទាបជាង 170 គឺពិការភាពខួរក្បាល។ រកដៃគូគឺត្រូវតែរក អ្នកមាន សង្ហា កម្ពស់ខ្ពស់ មានឡាន មានផ្ទះ មានលុយតម្កល់ក្នុងកុងធនាគារ។ ប្រសិនបើសង្សារអ្នកមិនហ៊ានជូនកាដូថ្លៃឱ្យអ្នក មិនហ៊ានចំណាយលើអ្នក បានន័យថា គេមិនស្រឡាញ់អ្នកទេ។ បើគិតតែសន្សំលុយ ថ្ងៃណាមួយគេនឹងទាត់អ្នកចោល អ្នកនឹងខាតបង់ទាំងអស់។

៤

ក្រោយពីចេញទ្រឹស្តីបែបនេះមក ប៉ុន្មានឆ្នាំនេះ មានស្រីៗក្មេងៗជាច្រើននាក់បានលង់ជឿ ងប់ ហើយស្តង់ដានៃការរើសសង្សារក៏កាន់តែខ្ពស់ទៅៗ។ អ្នកខ្លះខ្លួនឯងកម្ពស់ 150 តែបើមិនបាន 180 មិនរៀបការ។ អ្នកខ្លះខ្លួនឯងការងារប្រាក់ខែទាប តែចង់ឱ្យខាងប្រុសមានប្រាក់ខែខ្ពស់ ខ្លួនឯងមិនមែនជាខ្សែរាជវង្សទេ តែមានជំងឺព្រះនាងពេញខ្លួន។

ឋិត​ក្នុង​បរិយាកាសបែបនេះ ទោះបីជាមនុស្សប្រុសខិតខំប្រឹងអស់លទ្ធភាពយ៉ាងណាក៏ដោយ ក៏មិនអាចបំពេញតម្រូវការមនុស្សស្រីបានឡើយ។ មនុស្សស្រីក្មេងៗស្អាតៗជាច្រើនក៏ចាប់ផ្តើមនិយាយថា ខ្ញុំប្រកែកជាមួយគេអស់ច្រើនយ៉ាងនេះហើយ បើមិនបានដូចបំណង សុខចិត្តនៅ Single ទៀតចុះប្រសើរជាង។ មនុស្សស្រីខ្លះចាប់ផ្តើមរើសអើង រិះគន់មិត្តប្រុសខ្លួនឯង មួយថ្ងៃៗមើលតែគេបង្ហោះស្វីតៗ ក៏ចាប់ផ្តើមអន់ចិត្ត តូចចិត្ត ច្រណែន ហេតុអ្វីសង្សារគេល្អយ៉ាងនេះ? ឯសង្សារខ្ញុំជាមនុស្សអត់បានការ ខ្លះក៏លែងលះគ្នាក៏មាន។

ហើយនៅគិតថាប្តីក្នុងបណ្តាញសង្គមល្អ មើលគេម្ងៃៗអួតឡាន អួតនាឡិកា គេមានមន្តស្នេហ៍ទាក់ទាញ គេខ្ចីលុយក៏ហ៊ានឱ្យដែរ ដល់ចុងក្រោយលុយក៏បង់ ថង់ក៏ដាច់។

៥

ជីវិតដែលគួរតែសាមញ្ញសុខស្រួល បែរជាត្រូវនាងរករឿងខាំគ្នាដូចឆ្កែដូចឆ្មា។ គ្រោះថ្នាក់ធំបំផុតនៃ 《ស៊ុបមាន់ពុល》ទាំងនោះគឺ ធ្វើឱ្យអ្នកលង់​នឹងភាពហាយសូ ងប់នឹងការចំណាយ។

ថៅកែម្ចាស់ផលិតផលនិយាយប្រាប់អ្នកថា ៖ លើលោកនេះអត់មានមនុស្សស្រីអាក្រក់ទេ មានតែមនុស្សស្រីខ្ជិល ចូលរួមកម្មវិធីផ្សេងគ្នា ត្រូវជ្រើសរើសពណ៌ក្រែមផ្សេងគ្នា។

ថៅកែហាងកាបូបប្រេន គេនិយាយថា ៖ កាបូបប្រេន គឺជាមុខមាត់ទី2របស់មនុស្សស្រីយើង គឺជា Name Card។

និយាយរួមទៅគឺ គេលើកទូលអ្នកឱ្យឡើងខ្ពស់បំផុត ដាស់អារម្មណ៍អ្នកឱ្យស្ម័គ្រចិត្តស្ម័គ្រកាយហ៊ានចំណាយទៅលើសម្ភារៈនិយម ទាំងខ្លួនមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ព្រោះតែការចង់បានមុខមាត់។ អ្នកអត់លុយមែនទេ មិនអីទេ អាចបង់រំលស់បាន ជំពាក់ Credit Card បាន បើស៊យប៉ះចំ《អ្នកចងការប្រាក់ត្រីឆ្លាម》ទៀត គឺបូមប្រាក់ពីក្នុងហោប៉ៅរបស់អ្នកទាល់តែអស់រលីងពីខ្លួន។

៦

កន្លែងនេះខ្ញុំចង់រំឭកដាស់សតិស្រីៗថា ៖ សូមកុំលង់ជឿងប់នឹងទ្រឹស្តីក្នុងបណ្តាញសង្គមខ្លាំងពេក អ្នកគិតមើលមើល នៅពេលដែលអ្នកអស់លុយពីខ្លួន ហើយជំពាក់បំណុលគេរុំខ្លួន ក្បែរខ្លួនគ្មានអ្នកមើលថែ តែអ្នកគិតយ៉ាងណា?

នៅលើលោកនេះ អត់មានដៃគូដែលល្អឥតខ្ចោះទេ រកអ្នកមានលុយទៅ គេគ្មានពេលនៅមើលថែគ្មានពេលទំនេរនៅផ្ទះ។ អត់លុយទៅ អ្នកប្រកាន់ថាគេមិនសក្តិសមនឹងអ្នក មិនគិតរកអនាគត។ ចង់បានអ្នករ៉ូមែនទិកទៅ អ្នកថាគេសាវា។ រកមនុស្សស្លូតទៅ អ្នកថាគេមនុស្សគល់ឈើ។

មនុស្សស្រីដែលឆ្លាត គេមិនយកស្តង់ដារមនុស្សប្រុសក្នុងបណ្តាញសង្គមមករើសប្តី មកប្រៀបធៀបមនុស្សប្រុសរបស់ខ្លួនឯងទេ។ យើងសុទ្ធតែជាមនុស្សពេញវ័យអស់ហើយ រស់នៅលើផែនដីនេះដោយភាពសាមញ្ញ ប្រឹងដោយដៃរបស់យើងខ្លួនឯង។

Maxresdefault

អ្នកចង់បានដៃគូល្អ អ្នកខ្លួនឯងក៏គួរតែចេះយល់ចិត្តគេ ហើយប្រឹងរកជាមួយគ្នាផង អភិវឌ្ឍន៍ខ្លួនឱ្យរីកចម្រើនទាំងអស់គ្នាទៅ ស្បែកជើងធំ ឬតូច ជើងឈឺ ឬមិនឈឺ យើងខ្លួនឯងដឹងច្បាស់ជាងគេ។ កុំចេះតែមើលវីដេអូថ្នាំពុលច្រើនពេក រស់នៅក្នុងការពិត ដឹងពីសមត្ថភាពខ្លួនឯងដោយទទួលយកដោយរីករាយ តើខ្ញុំនិយាយត្រូវទេ???

សង្ឃឹមថាអត្ថបទនេះនឹងបានដាស់សតិក្មេងស្រីៗ ដែលខ្លួនឯងមិនមែនជាខ្សែររាជវង្សទេ តែតាំងខ្លួនជាព្រះនាង មានជំងឺព្រះនាងពេញខ្លួន។ បើអ្នកជាកូនអភិជនពិតជារឿងមួយផ្សេងទៀត។

បកប្រែ សុខ គឹមទៀវ / នាំមកជូនដោយ ៖ ផ្ទះជួល បន្ទប់ជួល KT by Kimtiev Sok