ឱប តែកុំរឹត! តាម តែកុំស្អិត! រឿងជីវិតគូ ក៏ត្រូវចេះរក្សាគម្លាត និងផ្ដល់សេរីភាពដល់គ្នាដែរ

បើអ្នកពិតជាស្រឡាញ់គូស្នេហ៍របស់អ្នកពិតមែន អ្នកត្រូវតែឈ្វេងយល់ឱ្យបានច្បាស់ ចំពោះពាក្យថាស្រឡាញ់ មានអត្ថន័យបែបណា? ការប្រចណ្ឌហួងហែង មិនមែនជាការស្រឡាញ់នោះទេ តែវាកើតព្រោះតែការមិនទុកចិត្ត និងឆោតល្ងង់របស់យើង ដែលបណ្ដោយឱ្យអារម្មណ៍ប្រចណ្ឌហួងហែង កើតឡើងបានចំពោះដៃគូ។

ការដែលយើងឱបក្រសោបមនុស្សដែលយើងស្រឡាញ់ ហួងហែង មើលថែ ការពារ វាគឺជារឿងធម្មតាទេ សម្រាប់មនុស្សដែលស្រឡាញ់គ្នា គឺវាតែងតែកើតមានហើយ។ ប៉ុន្តែពេលខ្លះ យើងបណ្ដោយឱ្យអារម្មណ៍ទាំងនេះកើតឡើង មកគ្របដណ្ដប់លើយើងខ្លួនឯងខ្លាំងពេក វាបង្កឱ្យក្លាយទៅជាបញ្ហា កើតមានការមិនទុកចិត្តលើគ្នាទៅវិញ។ នៅពេលដែលយើងព្យាយាមឱបក្រសោបគេខ្លាំងពេក វានឹងធ្វើឱ្យដៃគូរបស់យើងមានអារម្មណ៍មិនល្អចំពោះទំនាក់ទំនង វាធ្វើឱ្យគេមានអារម្មណ៍ថា យើងព្យាយាមឱបរឹត ចង់ភ្ជាប់គេយ៉ាងស្អិត ធ្វើឱ្យមានអារម្មណ៍ថា បាត់បង់សេរីភាពរបស់គេ។

8d34fff1cb03d285ef4beb50d5c881bd

កុំព្យាយាមឱបរឹតខ្លាំងពេក កុំតាមគេស្អិតខ្លាំងពេក មនុស្សយើងម្នាក់ៗ គឺសុទ្ធតែត្រូវការ និងចង់បានសេរីភាពផ្ទាល់ខ្លួន ពេលខ្លះ ក៏ចង់រក្សាគម្លាតពីគ្នាខ្លះ ព្រោះយើងមានកិច្ចការការងារផ្ទាល់ខ្លួនដែលត្រូវធ្វើ មានរឿងដែលត្រូវគិត មានកន្លែងដែលចង់ទៅ ជាពិសេសគឺ ពេលវេលាផ្ទាល់ខ្លួនខ្លះ សម្រាប់ខ្លួនឯងផ្ទាល់។ កុំឱបរឹតគេពេក នាំឱ្យពិបាកដកដង្ហើម កុំតាមស្អិតពេក នាំឱ្យគ្មានខ្យល់អាកាសចេញចូល។



គ្មាននរណាម្នាក់ ចង់បានទំនាក់ទំនងដែលតាមឃ្វាលគ្នាគ្រប់ពេល ធ្វើដូចម្ចាស់តាមឃ្វាលគោក្របីនោះឡើយ ធំៗអស់ហើយ បើចាប់ផ្ដើមមានស្នេហា មានទំនាក់ទំនងជាមួយអ្នកណា ត្រូវតែស្រឡាញ់គ្នាបែបចាស់ទុំ កុំធ្វើដូចកូនក្មេង ដែលត្រូវតាមដាន ហួងហែងគ្នាគ្រប់ពេលវេលាឱ្យសោះ។ ស្រឡាញ់គ្នាខ្លាំង មិនមែនត្រូវតាមស្អិតទេ គឺត្រូវចេះជឿជាក់ និងទុកចិត្តលើគ្នា ចេះផ្ដល់សិទ្ធសេរីភាព និងពេលវេលាផ្ទាល់ខ្លួនឱ្យគ្នាទៅវិញទៅមក ទើបហៅថា ទំនាក់ទំនងស្នេហាដ៏មានន័យ៕

1f80d74e5ab47a5604199f779af622cd

606354a66a21d14e3de4ddc8ba120052

អត្ថបទ ៖ ​ភី អេក / ក្នុងស្រុករក្សាសិទ្ធ