១២ ក្បាច់ មិនបាច់ដេកឱបទុក្ខទៀតទេ ជីវិតនឹងមានតែក្ដីសុខកាន់តែច្រើនជាងមុន

កើតមកជាមនុស្សមានសុខ ទុក្ខឡូកឡំគ្នា​វាគឺជារឿងធម្មតានៃជីវិតទៅហើយ តែយ៉ាងណាក៏ដោយ យើងក៏មិនអាចនៅឱបក្រសោបសេចក្ដីទុក្ខគ្រប់ពេលវេលានោះដែរ។ មនុស្សខ្លះ គិតតែកើតទុក្ខ មិនព្រមផ្ដល់ឱកាសឱ្យខ្លួនឯងស្វែងរកក្ដីសុខឱ្យខ្លួនឯងទាល់តែសោះ។ ​យ៉ាងណាមិញ ខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង ១២ ជួយឱ្យអ្នកមានក្ដីសុខច្រើនជាងមុន។

១/ ដឹងអ្វីដែលគួរដឹង

ការយល់ ការដឹង គឺជារឿងល្អ តែយ៉ាងណាក៏ដោយ មានរឿងខ្លះដែលយើងដឹងហើយ មានតែនាំទុក្ខឱ្យខ្លួនឯងតែប៉ុណ្ណោះ ដូច្នោះហើយ កុំដឹងអីល្អជាង មានរឿងជាច្រើន យើងមិនសមនឹងដឹង រឹតតែមិនសមនឹងយកខ្លួនឯងទៅពាក់ព័ន្ធនោះឡើយ ​ត្រូវចាំថា ​​ការដឹងច្រើនឮច្រើន ជាពិសេសរឿងអ្នកដទៃ គឺមានផលអ្វីល្អសម្រាប់ខ្លួនឯងទេ ដឹងរឿងគេច្រើនពេក ខាតទាំងពេល ​​​​​​ថែមទាំងធ្វើឱ្យខ្លួនឯងបាត់បង់ក្ដីសុខថែមទៀផង។

A9adb35f6bf763739e73ee698c594109

២/ និយាយអ្វី ដែលគួរនិយាយ

ច្បាស់ណាស់ថា មនុស្សម្នាក់ៗ ត្រូវតែចេះកំណត់នូវការនិយាយស្ដីរបស់ខ្លួ​នឯងឱ្យបានល្អ និយាយអ្វីដែលគួរនិយាយ ព្រោះមនុស្សភាគច្រើន រមែងមានបញ្ហា ខាតបង់ព្រោះតែមិនចេះគ្រប់គ្រងមាត់របស់ខ្លួនឯង។ ត្រូវដឹងថា គ្រោះកើតព្រោះតែមាត់ មនុស្សដែលមិនចេះទប់ពាក្យសម្ដី មនុស្សដែលនិយាយស្ដីតាមតែអំពើចិត្ត រមែងបង្កើតបញ្ហា ភាពក្ដៅក្រហាយដល់ខ្លួនឯង និងអ្នកដទៃ។

៣/ កាត់បន្ថយការគិតច្រើនផ្ដេសផ្ដាស

មិនមែនយើងត្រូវគិតខ្វល់គ្រប់រឿងនោះឡើយ ដូច្នេះហើយ កុំចេះតែគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯងអី រឿងខ្លះ កាន់តែគិតរឹតតែខ្វល់ខ្វាយ គ្មានដំណោះស្រាយហើយ មានតែបន្ថែមទុក្ខលំបាកឱ្យខ្លួនឯងតែប៉ុណ្ណោះ។

៤/ ព្យាយាមញញឹមឱ្យបានច្រើន

ស្នាមញញឹម គឺជាឱសថទិព្វ ដែលអាចព្យាបាលអារម្មណ៍តានតឹង មិនថាចំពោះខ្លួនយើង ឬមនុស្សក្បែរខ្លួនឡើយ។ ញញឹមឱ្យច្រើនៗទៅ ស្នាមញញឹមមិនត្រូវការយកលុយទៅទិញនោះទេ វាជារបស់ Free តែអាចនាំមកនូវសេចក្ដីសុខ និងសំណាងមកឱ្យយើងវិញថែមទៀត។ ត្រូវចាំថា មានស្នាមញញឹម ទើបជីវិតមានហុងស៊ុយ មានពន្លឺរស្មី មើលតែអ្នករកស៊ីទៅដឹងហើយ មនុស្សចេះញញឹម ទើបមានម៉ូយច្រើន រកស៊ី លក់ដូរអីក៏ដាច់ដែរ មានតែអ្នកស្រឡាញ់ចូលចិត្ត។

A9e1186a50f534906faedbc00cec6bdc

៥/ រៀនបដិសេធខ្លះ

យើងមិនមែនជាអាទិទេព ដែលអាចជួយគេគ្រប់គ្នាបាននោះឡើយ ដូច្នេះហើយ ក្នុងស្ថានភាពខ្លះ ជាមួយនឹងមនុស្សខ្លះ រៀនបដិសេធខ្លះទៅក៏ល្អដែរ ព្រោះយើងមិនអាចជួយគេបានគ្រប់យ៉ាងទេ យើងក៏ត្រូវក្រឡេកមើលខ្លួនឯងវិញខ្លះដែរ យើងត្រូវខ្វល់ពីខ្លួនឯងខ្លះ ដូច្នេះ ការបដិសេធគេយើងមិនខុសឡើយ។ ម្យ៉ាងវិញទៀត មិនមែនរាល់ការបដិសេធ ស្មើមនឹងយើងអស់ចិត្តនោះទេ ពេលខ្លះ ដូចពេលដែលគេបបួលយើងទៅណាមកណា តែយើងមិនអាចទៅបាន យើងក៏គួរតែបដិសេធខ្លះ ​​កុំចេះតែខ្លាចអ្នកនេះខឹង ខ្លាចអ្នកនោះអន់ចិត្ត ព្រោះយើងក៏ត្រូវគិតពីខ្លួនឯងដូចគ្នា។

៦/ រៀនចិត្តដាច់តាមកាលៈទេសៈ

ចិត្តដាច់ មិនមែនជាភាពអាត្មានិយម ក៏មិនអាក្រក់ទាំងស្រុងដែរ ក្នុងស្ថានភាពខ្លះ កាលៈទេសៈខ្លះ បើយើងចិត្តមិនដាច់ មិនអាចកាត់ផ្ដាច់អ្វីបានទេ គឺខ្លួនយើងជាអ្នករងគ្រោះ មានបញ្ហា រ៉ាប់រងការលំបាកដោយសារតែមនុស្សខ្លះ និងហេតុផលមិនសមស្របមិនខាន។ ដូច្នេះហើយ ត្រូវរៀនមើលកាលៈទេសៈ ពេលវេលា អាចចិត្តដាច់បាន ក៏ចិត្តដាច់ទៅ ចង់សម្រេចកិច្ចការធំ កុំខ្លាចនឹងដើរចិត្ត មនុស្សចិត្តដាច់ ទើបរឹងមាំ។



Db99e51df8860524dde217879edc9098

៧/ រៀនបើកចិត្តឱ្យទូលាយ

មនុស្សចិត្តទូលាយ ទើបមានញាតិមានមិត្តច្រើន ទៅណាមកណាក៏មិនឯកាដែរ លើសពីនេះ មនុស្សចិត្តទូលាយ នឹងមិនចេះប្រកាន់ទោស អូសដំណើរ គុំកួននឹងអ្នកណាឡើយ ដូច្នេះហើយ ក៏អាចឱ្យជី​វិតគេមានក្ដីសុខកាន់តែច្រើន ​ព្រោះថាមនុស្សប្រភេទនេះ សេចក្ដីល្អ គឺជាគុណភាពជីវិតរបស់គេ ដែលអាចជួយឱ្យគេមានសុភមង្គលបំផុត។

៨/ គិតរឿងល្អៗឱ្យបានច្រើន

ជីវិត គឺអាស្រ័យលើការគិត មនុស្សចេះគិតល្អ ធ្វើល្អ ទើបអាចជួបមនុស្សល្អៗ និងមានរឿងល្អៗចូលមក វាដូចជាច្បាប់ស្រូបទាញ រាល់រឿងរ៉ាវដែលកើតឡើង វាអាស្រ័យលើអ្វីដែលយើងគិត ដូច្នេះហើយ ត្រូវគិតរឿងល្អៗឱ្យបានច្រើន ទើបផ្លូវចិត្តយើងបានស្រស់ថ្លា អារម្មណ៍រីករាយ ជីវិតក៏សប្បាយតាមហ្នឹងដែរ។

៩/ កាត់បន្ថយការគិតរឿងអត់ប្រយោជន៍

មនុស្សខ្លះ ត្អូញត្អែរតែរឿងទុក្ខសោក គិតតែរឿងអត់ប្រយោជន៍ ហើយរអ៊ូថា ជីវិតគ្មានក្ដីសុខ គ្មានសំណាង តែធាតុពិតគ្រប់យ៉ាង គឺកើតដោយសារតែការគិតរបស់ខ្លួនឯង។ ក៏មានមនុស្សខ្លះ ចូលចិត្តតែយករឿងដែលគ្មានបានការ មកខ្វល់ យករឿងអត់ប្រយោជន៍​ឆ្ងល់ គ្មានបានការអ្វីសោះ។ ការគិតបែបនេះ មិនត្រឹមតែធ្វើឱ្យខ្លួនឯងបាត់បង់ក្ដីសុខនោះទេ ថែមទៀតធ្វើឱ្យខ្លួនឯង ខាតពេលវេលា ធ្វើរឿងល្អៗទៀតផង។

Fca82c841538d590c07f5b73c5ca4c24

១០/ ព្យាយាមគិតរឿងវិជ្ជមានឱ្យបានច្រើន

មនុស្សចេះគិតរឿងវិជ្ជមាន ទើបក្នុងចិត្តគ្មានទុក្ខទោស គ្មានសម្ពាធ ក៏គ្មានរឿងណាមកលងបន្លាចបានដែរ។ ភាពវិជ្ជមាន គឺជាថាមពលដ៏ល្អប្រសើរ ដែលអាចឱ្យយើងកាន់តែមានភាពរីករាយ និងសេចក្ដីស្ងប់សុខ គ្មានទុក្ខបៀតបៀនបានឡើយ។

១១/ ថែសុខភាពខ្លួនឯងឱ្យបានល្អ

សុខភាពគឺជារឿងសំខាន់នៅក្នុងជីវិត មិនថាអ្នកមានលុយច្រើនប៉ុនណាទេ មនុស្សដែលគ្មានសុខភាពល្អ រាងកាយមិនមាំទាំ ការរស់នៅក៏គ្មានក្ដីសុខដែរ ដូច្នេះហើយ ត្រូវតែថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ នៅពេលដែលយើងមានសុខភាពល្អ យើងក៏អាចរីករាយនឹងជីវិត អាចធ្វើរឿងដែលយើងចង់ធ្វើ អាចញុំាអ្វីដែលយើងចង់ញុំាបានដោយសប្បាយចិត្តមិនខាន។

១២/ ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន

ច្បាស់ណាស់ ​មនុស្សយើងម្នាក់ៗ ត្រូវតែចេះស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯងឱ្យបានល្អ ការស្រឡាញ់ខ្លួនឯង មិនមែនជាភាពអាត្មានិយមនោះឡើយ តែនៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯង យើងនឹងមើលឃើញពីតម្លៃរបស់ខ្លួនឯង ដូច្នេះមិនខ្វល់ថា អ្នកណាមិនស្រឡាញ់យើងនោះឡើយ សំខាន់ យើងអាចស្រឡាញ់ និងមើលថែខ្លួនឯងបានល្អ៕

អត្ថបទ ៖ pHknongsrok / Knongsrok

អំពីអ្នកសរសេររបស់យើង៖ PEL KLAS