ស្រីៗ! ល្មមៗយកទៅ បើនៅចង់រកមនុស្សល្អឥតខ្ចោះនោះ រកមិនបានទេ

ជារឿងធម្មតាទេ ដែលមនុស្សស្រីណាក៏ចង់បានមនុស្សល្អមកធ្វើជាគូជីវិតដែរ ព្រោះវាជាការសម្រេចចិត្ត រួមដំណើរមួយជីវិត មិនមែន មួយឆ្នាំ ពីរឆ្នាំនោះទេ ដូច្នេះ ត្រូវតែរកឱ្យបានប្រាកដថា ម្នាក់នោះ ពិតជាអាចរួមសុខ ទុក្ខជាមួយើងបានរហូត។

ប៉ុន្តែសម្រាប់មនុស្សស្រីខ្លះ គាត់មានតម្រូវការខ្ពស់ពេកហើយ ទាមទារចង់បាន​ មនស្សដែលល្អគ្រប់ដប់ មិនពាក់ព័ន្ធ ស្រីស្រាល្បែង ឬមិនដើរលេងផឹកស៊ី ជួបជុំពួកម៉ាក រឿងនេះ វាពិតជាពិបាកណាស់ ព្រោះទោះជាយ៉ាងណា​ ក៏មិនអាចចៀសបានដែរ សម័យនេះ កុំថាឡើយមនុស្សប្រុស​មិនផឹកស្រា សូម្បីតែរកមនុស្សស្រីមិនចេះផឹក ក៏សឹងតែរកមិនបានផង ដូច្នេះ ល្មមៗក៏គួរតែលើកលែងទៅ សំខាន់ ឱ្យតែគេជាមនុស្សល្អត្រឹមត្រូវ ចេះរកទុកដាក់ មានចំណេះដឹង មានសីលធម៌ មានគុណធម៌ ចិត្តល្អ ចិត្តទូលាយ មានទំនួលខុសត្រូវ សម្រាប់ចំណុចអ្វីផ្សេង គួរតែអាចកែប្រែគ្នា​ និងទទួលយកគ្នា​ បន្ទាប់ពីរៀបការរួច។

67658672_941109556251477_7535100712980578304_o

គេថា ប្ដីប្រពន្ធ គឺរៀបការសាងគ្រួសារ ដើម្បីជួយកែតម្រូវគ្នាទៅវិញទៅមក តែបើរកមនុស្សដែលល្អឥតខ្ចោះ គ្មានចំណុចខុសឆ្គងនោះ គឺរកមិនបានទេ ពេលខ្លះ មនុស្សដែលល្អគ្រប់ចំណុចពេក គេអាចនឹងរស់នៅមិនចុះសម្រុងនឹងយើងវិញផងក៏ថាបាន ព្រោះគេល្អគ្រប់យ៉ាង គេក៏អាចនឹងពិបាកទទួលយកចំណុចខ្វះចន្លោះរបស់យើងវិញ។ ត្រូវចាំថា មនុស្សខ្លះ ល្អខ្លាំងពេក យើងនឹងពិបាករស់នៅជាមួយគេ គេអាចជាមនុស្សអភិរក្សនិយម ឬតឹងតែងហួសហេតុទៅវិញ។

យើងខ្លួនឯង ក៏មិនមែនជាមនុស្សដែលល្អណាស់ណាដែរ យើងក៏មានចំណុចខ្វះចន្លោះដូចគ្នា ដូច្នេះ ជីវិតគូ គឺទាមទារឱ្យមានការអធ្យាស្រ័យ ចេះជួយកែលំអគ្នា ជាពិសេសនោះគឺ អាចទទួលយកគ្រប់យ៉ាងរបស់ដៃគូ មិនថាល្អ អាក្រក់ ក៏ជួយកែតម្រូវគ្នាទៅ សំខាន់ ឱ្យតែអាចរស់នៅជាមួយគ្នាបាន អាចចុះសម្រុងគ្នា នោះហើយជាគូជីវិត។

116110026_2781389842081006_2837093299552431740_n



ចំណុចគួរចងចាំ ៖

-​ មនុស្សចេះផឹកស្រា តែសំខាន់ ផឹកដឹងពេលវេលា មានកម្មវិធីជួបជុំគ្នា ផឹកចុះ វាជាការកម្សាន្តម្ដងម្កាលទេ។

- មនុស្សចេះល្បែង លេងចុះ ជួបជុំបងប្អូន ក្រុមគ្រួសារ បុណ្យទានយូរៗម្ដង មិនមែនប្រព្រឹត្តរាល់ថ្ងៃ យកល្បែងធ្វើជាមុខរបរ។

- មនុស្សពាក់ព័ន្ធនឹងស្រី ទាក់ទងចុះ តែជាស្រីដែលជាសាច់ញាតិបងប្អូន​ មិត្តភក្តិ ឬអ្នកធ្វើការរកស៊ីជាមួយ និយាយស្ដីជារឿងធម្មតាទេ ...។

- ដើរលេងជាមួយមិត្តភក្តិយូរៗម្ដង ជារឿងធម្មតា សំខាន់គេដឹងគេមានគ្រួសារ មិនដើរលេងដាច់យប់ ចោលផ្ទះសម្បែង...៕

116034740_161840595447186_14927594429934811_o

អត្ថបទ​ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធ)