សម្រង់ប្រសាសន៍អ្នកឧកញ៉ា_វេជ្ជបណ្ឌិត_គួចម៉េងលី៖ អ្នកខ្លះសួរខ្ញុំថា ធ្វើដូចម្តេចទើបអាចក្លាយខ្លួនជាមនុស្សល្អនិងមានប្រយោជន៍ដល់សង្គម ខ្ញុំក៏តបវិញថា…

អ្នកខ្លះសួរខ្ញុំថា ធ្វើដូចម្តេចទើបអាចក្លាយខ្លួនជាមនុស្សល្អនិងមានប្រយោជន៍ដល់សង្គម ខ្ញុំក៏តបវិញថា យើងត្រូវរៀនបើកចិត្តឱ្យទូលាយ ព្រោះថាមនុស្សយើងមិនអាចយកអ្វីៗទៅជាមួយបានទេ ក្រោយពេលស្លាប់បាត់។

1

បើយើងមានអាហារហូបចុកហៀរហូរ គួរណាស់តែចេះចែករំលែកទៅសង្គមវិញខ្លះ ដើម្បីយើងអាចរីកចម្រើននិងមានភាពសប្បាយរីករាយទាំងអស់គ្នា។ ទង្វើនៃការចែករំលែក វាហាក់ដូចជាយើងបានបង្កើតសុភមង្គលដល់មនុស្សផងគ្នា។

បើយើងមានលទ្ធភាព យើងបង្កើតក្រុមហ៊ុនក្នុងស្រុកដើម្បីផ្តល់ការងារឱ្យពលរដ្ឋក្នុងសង្គមយើងធ្វើ។ យើងត្រូវជួយបណ្តុះវិស័យផ្សេងៗឱ្យបានច្រើន មិនថាវិស័យអប់រំឯកជន វិស័យសុខាភិបាល វិស័យឧស្សាហកម្មកាត់ដេរ វិស័យទេសចរណ៍ ឬវិស័យកសិកម្មនោះទេ។ ចំពោះវិស័យកសិកម្ម ខ្ញុំមើលឃើញថា មានរឿងជាច្រើនដែលយើងអាចជួយពលរដ្ឋយើងបាន ដូចជាជួយការពារតម្លៃផលដំណាំពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យឈ្មួញក្នុងនិងក្រៅស្រុកឆក់ឱកាសទម្លាក់តម្លៃនៅពេលប្រជាពលរដ្ឋប្រមូលផល។

យើងអាចជួយរកទីផ្សារនាំចេញជូនដល់ប្រជាកសិករយើង។ យើងអាចបង្កើតរោចចក្រចម្រាញ់ផលិតផលខ្មែរលក់ទៅក្រៅស្រុក។ល។ និយាយរួមទៅ មានវិធីជួយច្រើនណាស់ ដោយពុំចាំបាច់ចង់បានគុណស្រ័យ តែអាចទទួលបានមកវិញនូវសង្គមមួយដែលពលរដ្ឋយើងលែងក្លាយជាខ្ញុំបម្រើជាតិសាសន៍ដទៃលើទឹកដីខ្លួនឯង។

ធ្វើបែបនេះ ក៏ដូចនាំផលចំណេញដល់រាជរដ្ឋាភិបាលយើងផងដែរ។ ចំណេញត្រង់ថា បើប្រជាជនយើងមានការងារធ្វើត្រឹមត្រូវកាន់តែច្រើន នោះរដ្ឋនឹងអាចប្រមូលពន្ធបានកាន់តែច្រើនដែរ។ ពន្ធដែលយកពីប្រជាពលរដ្ឋ គឺត្រូវបានប្រើប្រាស់ជួយអភិវឌ្ឍសង្គមជាតិយើងតាមរយៈគម្រោងអភិវឌ្ឍជាច្រើនដែលក្រសួងពាក់ព័ន្ធត្រូវតែធ្វើដើម្បីស្ថាបនាជាតិ។



ដើម្បីបណ្តុះមនុស្សឱ្យមានចិត្តទូលាយ និងចាប់ផ្តើមចូលរួមចែករំលែក បើតាមខ្ញុំយល់ឃើញ ដំបូងបំផុតនោះ យើងត្រូវបណ្តុះវិស័យអប់រំ មិនថាសាលារដ្ឋឬឯកជននោះទេ។ ហេតុអ្វី? នោះក៏ព្រោះតែ ការអប់រំនេះហើយដែលជួយបើកភ្នែក បើកត្រចៀកមនុស្សឱ្យឃើញ ឱ្យដឹងឮ និងឱ្យចេះគិតពិចារណារកហេតុផលដែលត្រឹមត្រូវ ឱ្យចេះឈឺឆ្អាលនិងចូលរួមជួយ។

បន្ទាប់មកទៀតគឺវិស័យសុខាភិបាល។ កាលណាមានពេទ្យល្អ នោះប្រជាពលរដ្ឋយើងមិនបាច់រត់ទៅរកសេវាសុខភាពនៅស្រុកក្រៅទេ។ បើពលរដ្ឋមានសុខភាពល្អ សង្គមយើងនឹងរីកចម្រើន។ ហេតុអ្វី? ព្រោះថា បើពួកគេឈឺច្រើន ចំណូលប្រចាំថ្ងៃនឹងត្រូវបាត់បង់ ស្រួលមិនស្រួលលក់ផ្ទះសម្បែងឬកេរអាករខ្ទិចខ្ទីដើម្បីមើលខ្លួនឱ្យជា។

អ៊ីចឹងហើយ បើសិនប្រជាពលរដ្ឋមករកសេវាព្យាបាល តែប៉ះចំកន្លែងមិនច្បាស់លាស់ នោះពួកគាត់ច្បាស់ជាជួបទុក្ខជាន់ទុក្ខ។ បើពលរដ្ឋធ្លាក់ខ្លួន គេមិនអាចជួយខ្លួនឯងបាន នោះសង្គមជាតិនឹងជួបវិបត្តិរ៉ាំរ៉ៃមិនខាន។ ប៉ុន្តែបើសិនពួកគេពុំមានជំងឺ ឬមានជំងឺ តែមានសេវាព្យាបាលបានល្អ តម្លៃសមរម្យ នាំឱ្យពលរដ្ឋយើងចាប់ផ្តើមត្រជាក់ចិត្តគិតអ្វីក៏ចេញ ធ្វើការងារក៏បានល្អ គ្រួសារមានសុភមង្គល ហើយសង្គមជាតិនឹងចម្រើនលូតលាស់។ ការជួយបែបនេះ គឺជាទង្វើល្អ ហើយពុំមែនល្អតែមួយជំនាន់នោះទេ ពោលឈ្មោះយើងនឹងឮខ្ទរខ្ទារដល់បីជំនាន់ក៏អាចថាបាន។

#សម្រង់ប្រសាសន៍អ្នកឧកញ៉ា_វេជ្ជបណ្ឌិត_គួចម៉េងលី

#lifeandcompassion

#MJQUP