រឿងរៀបការ សាងគ្រួសារ រឿងយកកូនជារឿងសំខាន់ តែយ៉ាងណា វាមិនមែនជាសំណួរចាំបាច់ ដែលអ្នកត្រូវសួរទៅកាន់នរណាម្នាក់នៅពេលជួបគ្នានោះឡើយ!

ឈានដល់វ័យប៉ុណ្ណេះ សំណួរដែលខ្ញុំឮច្រើនជាងគេ មិនថាជាមួយញាតិ បងប្អូន ឬមិត្តភក្តិទេ គេតែងតែសួរខ្ញុំជាប្រចាំ រាល់ពេលដែលមានការជួបជុំ ជួបមុខដោយចៃដន្យ ឬជួបក្នុងកម្មវិធី ៖

- មានសង្សារនៅ?

- ពេលណាការ?

- គេការមានកូនអស់ហើយ ពេលណាដល់វេនខ្លួនឯង?

- កាលយកកូន ...?

ហើយបើតាមការសន្និដ្ឋានរបស់ខ្ញុំ​ ប្រសិនបើខ្ញុំការ មានកូនមួយ គេប្រាកដជាបន្តសួរថា ៖

- កាលយកកូនមួយទៀត?

- កាលយកកូនទីពីរ ទីបី?

- កូនតិចណាស់ កូនអាយុច្រើនដែរហើយ យកថែមមួយ ពីរទៀតទៅ!

​- យកកូនស្រីមួយទៀតទៅ! យកកូនប្រុសមួយទៀតទៅ...!

7f032713eb0da5bf8dcddd55fd33cccc

និយាយរួម មនុស្សមួយចំនួន សួរនាំឡើង គឺសំណួរអស់ទាំងហ្នឹង ... ខ្ញុំដឹងថា ការរៀបការ មានគ្រួសារ មានកូន វាជាក្ដីសុខ សុភមង្គល ក៏ជាផ្នែកមួយដ៏ធំសម្រាប់ជីវិតមនុស្សម្នាក់ៗ ប៉ុន្តែអាចមានគ្រួសារមានសុភមង្គលពិតប្រាកដបាន លុះត្រាតែយើងមានបុណ្យសំណាងបានជួបដៃគូជីវិតដ៏ល្អ!



ប៉ុន្តែរឿងមួយទៀតដែលខ្ញុំឆ្ងល់ រឿងរ៉ាវ ការសម្រេចចិត្តរបស់គេសោះ ហើយថីបានមនុស្សស្ទើរតែមួយចំនួនធំ គ្មានសុជីវធម៌ គ្មានសីលធម៌ចំពោះរឿងបែបហ្នឹង? មនុស្សតែគេមានដៃគូ គេការបាន គេប្រាកដជាការហើយ មិនបាច់ឱ្យអ្នកណាមកជម្រេញនិយាយដដែលៗ គួរឱ្យធុញ សង្កៀរត្រចៀកបែបហ្នឹងទេ សួរដដែលៗ ចំពោះរឿងឯកជន មិនត្រឹមតែធ្វើឱ្យគេធុញ អ្នកខ្លះអាចមានអារម្មណ៍អៀនខ្មាស ហើយអ្នកខ្លះអាចនឹងស្អប់ខ្លាំងថែមទៀត។

ម្យ៉ាងវិញទៀត សំណួរផ្សេងអត់មានសួរមែន? សុខសប្បាយអត់? និយាយពីការងារ ការរកស៊ីអី អត់ចេះសួរ? ឬកាលនៅរៀន មិនបានរៀនអំពីសុជីវធម៌ទេ?

9b9eff9dc016fe2bb8bea0e3824eee09

ហើយវាថី ជីវិតហ្នឹងគិតតែពីរឿង ការ យកប្ដី យកប្រពន្ធ យកកូនហ្នឹងមែន? គិតតែពីរឿងអស់ហ្នឹង មិនគិតធ្វើការ ធ្វើងារ រកស៊ី អីឱ្យធំដុំទេ?

ប្ដីប្រពន្ធកូនសំខាន់ក្នុងជីវិត តែវាជាការសម្រេចចិត្តរបស់បុគ្គល ទោះគេការ ឬមិនការ ចង់នៅលីវដល់ស្លាប់ក៏ជាសិទ្ធិរបស់គេដែរ កុំសួរឡើងសួរនាំរឿងបែបហ្នឹង អ្នកខ្លះសួរម្ដងម្កាលមិនថ្វីទេ តែអ្នកខ្លះសួរបែបចម្អន់ បែបពេបជ្រាយ សើចចំអក ចង់ថាយើងហ្នឹងមិនកំណើត រកដៃគូម្នាក់នឹងគេមិនបាន មិនដូចអ្នកសួរខ្លះ ឬកូនចៅរបស់គាត់ ដូរប្ដី ដូរប្រពន្ធ ពីរបីបួនតែឯងនោះឡើយ។

យ៉ាងណាសូមអធ្យាស្រ័យ មិនមែនជះកំហឹង ឬអ្វីនោះទេ តែចង់សុំឱ្យមនុស្សខ្លះ រៀនចេះពីសុជីវធម៌ យល់ដឹងពីការប្រើប្រាស់សំណួរ ពេលជួបជុំ ឬជួបដោយចៃដន្យ ជាមួយនឹងមនុស្សស្និទ្ធស្នាល ព្រោះសំណួរអស់ទាំងនេះ វាមិនអាក្រក់ស្ដាប់ទេ តែបើគិតឱ្យមែនទេ គឺមិនគួរសួរជម្រេញដដែលៗ ជួបម្ដងសួរម្ដង ជួបម្ដងនិយាយម្ដង វាប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកដែលគាត់ស្ដាប់ឮ។

92420a3cafa12a29214e4af772f22523

ដូចអ្នកខ្លះទៀត ទៅសួរគ្នាដែលជាមនុស្សស្រី ពេលណាការ? ពេលណាយកប្ដី? ពេលណាយកកូន? ហើយថី ចង់ឱ្យមនុស្សស្រីដើរយកប្ដីយកកូនពាសវាលពាសកាល បានតាមចិត្តដូចមនុស្សប្រុសខ្លះ ចង់ទៅរកស្រីប៉ុន្មានក៏បានមែន?

ចង់ឱ្យមនុស្សស្រីទៅដើរញ៉ែអ្នកនេះអ្នកនោះ ទាក់ទងឱ្យបាន ដើម្បីបានការ យកកូន ឱ្យសមចិត្តអ្នកសួរបានស្រួលៗងាយៗមែន? ត្រឹមពេលខ្លះ នាងនិយាយជាមួយមនុស្សប្រុសប្លែកមុខ ឬស្និទ្ធស្នាលមិត្តភក្តិតិចតួច និយាយដើមគ្នាពីដើមភូមិដល់ចុងភូមិសោះ ដល់ហើយមកសួរសំណួរបែបហ្នឹង គិតមើលទៅថា សមឬមិនសម? ចាស់ៗ ធំៗចេះគិតគួរចេះពិចារណាមើលតាមការគួរទៅ៕

Dcf323b5ce1be611521b493ca244298e

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ