ព្រោះស្រឡាញ់ និងទុកចិត្ត ទើបខ្ញុំមិនដែលសួរនាំដេញដោលច្រើន តែអ្វីដែលអ្នកផ្ដល់ឱ្យខ្ញុំវិញនោះគឺ ការក្បត់ពីក្រោយខ្នង

មនុស្សខ្ញុំ បើដាក់ស្រឡាញ់នរណាម្នាក់ហើយ គឺខ្ញុំផ្ដល់តម្លៃ ផ្ដល់កិត្តិយស ផ្ដល់ទំនុកចិត្ត និងភាពជឿជាក់ឱ្យគ្នា ខ្ញុំមិនដែលចេះទាមទារ សួរនាំ ជីកឫកជីកគល់ មិនថារឿងអតីតកាលរបស់អ្នក ឬបច្ចប្បន្នភាពរបស់អ្នកនោះឡើយ ព្រោះពាក្យថា ឱ្យតម្លៃ គឺខ្ញុំគោរពលើសិទ្ធសេរីភាពផ្ទាល់ខ្លួនរបស់មនុស្សដែលខ្ញុំស្រឡាញ់ មិនសួរនាំ មិនលូកលាន់រឿងឯកជនរបស់អ្នក មិនមែនមិនស្រឡាញ់នោះទេ តែខ្ញុំជឿថា មនុស្សស្រឡាញ់គ្នា គេគ្មានរឿងអ្វីដែលត្រូវលាក់បាំងគ្នាឡើយ ហើយមិនថាមានរឿងអ្វីក៏ដោយ បើគេមិនប្រាប់យើង ក៏ប្រហែលជាមានហេតុផលអ្វីហើយ ទើបគេមិននិយាយ។

មិនថាអ្នកលេងជាមួយអ្នកណា ទាក់ទងជាមួយអ្នកណា ខ្ញុំបើកសិទ្ធសេរីភាពឱ្យអ្នកជានិច្ច មិនដែលទាមទារចង់បាន Password ឬចូលទៅឆែកឆេរ ទូរសព្ទ ឬអាខោនបណ្ដាញសង្គមរបស់អ្នកនោះទេ។ ប៉ុន្តែព្រោះតែភាពទុកចិត្តរបស់ខ្ញុំ ព្រោះតែការគោរពរបស់ខ្ញុំចំពោះអ្នកច្រើនពេកមែនទេ ទើបបានជាអ្នកគិតថាខ្ញុំនេះជាមនុស្សភ្លីភ្លើ មិនដឹងខ្យល់អីបែបហ្នឹងនោះ? គិតថាខ្ញុំនេះល្ងង់ខ្លាំងណាស់មែនទេ ដែលជឿជាក់ និងទុកចិត្តអ្នករហូតមកនោះ? ក្បត់មនុស្សដែលស្រឡាញ់អ្នកស្មោះ គោរព និងឱ្យតម្លៃអ្នក អ្នកសប្បាយចិត្តហើយមែនទេ?

សម្រាប់ខ្ញុំ ខ្ញុំមិនខឹងដែលអ្នកធ្វើបែបហ្នឹងនោះទេ តែខ្ញុំស្ដាយជំនួសអ្នក ស្ដាយដែលអ្នកមិនចេះថែរក្សាទំនាក់ទំនងល្អៗឱ្យនៅគង់វង្ស ស្ដាយដែលអ្នក ធ្វើឱ្យបាត់បង់មនុស្សដែល ស្រឡាញ់ គោរព និងឱ្យតម្លៃអ្នកបំផុត។ ទំនុកចិត្ត និងការអាណិតស្រឡាញ់ ខ្ញុំលែងមានឱ្យអ្នកទៀតហើយ ខ្ញុំអស់ចិត្ត អស់អារម្មណ៍ គ្មានសូម្បីតែចិត្តស្រណោះអាល័យ ព្រោះខ្ញុំស្អប់បំផុត មនុស្សដែលក្បត់ខ្ញុំក្រោយខ្នង វាបញ្ជាក់ថា អ្នកទុកខ្ញុំជាក្របីភ្លើមួយក្បាល ដែលស្រួលបោកប្រាស់៕



5f539ab4cbfd3593b98ae7ebfee10190

8329c78ec624e6afdc4b3393bf816584

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ