ពេលជួបរឿងខកចិត្ត កុំភ្លេចរំឭកខ្លួនឯង ជាមួយនឹងមេរៀនទាំង ៥ នេះ

ច្បាស់ណាស់ថា យើងមិនអាចគេចផុតពីរឿងខកចិត្តក្នុងរឿងអ្វីមួយ ឬជាមួយនឹងនរណាម្នាក់នោះឡើយ តែយ៉ាងណាក៏ដោយ យើងច្បាស់ជាអាចឆ្លងផុត ប្រសិនបើយើងអាចយល់ និងចងចាំរឿងទាំង ៥ យ៉ាងនេះ ដើម្បីប្រើវាយកទៅដោះស្រាយ ក្នុងថ្ងៃដែលមាននរណាម្នាក់ ធ្វើឱ៌្យយើងខកចិត្តចំពោះគេខ្លាំង ឬជួបរឿងដែលខកចិត្តខ្លាំងបំផុត។

១. ទទួលយកការពិត

រឿងរ៉ាវវាបានកើតឡើងរួចហើយ ដូច្នេះ យើងក៏មិនអាចត្រឡប់ក្រោយ ហើយក៏មិនអាចកែប្រែអ្វីបានដែរ ចុងក្រោយមានតែត្រូវបើកចិត្ត ទទួលយកការពិតទាំងនោះឱ្យបាន ហើយរៀនបោះចោល ដោះលែង ព្រលែងដៃ និងទុកវាទៅមួយឡែកទៅ អ្វីៗ សុទ្ធតែទេវតាកំណត់ទុកមករួចហើយ កុំនៅធ្វើបាបខ្លួនឯង ឱ្យសោយសោក កើតទុក្ខ ព្រោះតែរឿងដែលកន្លងហួសធ្វើអី។

Image_2022 04 21_231024787

២. យំចុះ បើអ្នកចង់ យំឱ្យបានធូរទ្រូង

យំ មិនមែនមានន័យថា យើងទន់ជ្រាយនោះទេ តែមនុស្សដែលព្រមព្រលែងទឹកភ្នែកឱ្យស្រក់ចុះមកឱ្យអស់ គឺជាមនុស្សដែលរឹងមាំ និងពូកែបំផុត ព្រោះគេមិនខ្លាចនឹងអ្វីដែលនៅចំពោះមុខ ហើយក៏មិនទ្រាំបៀមទុក្ខបន្តទៀត។ យំចុះ បើអ្នកចង់យំ កុំប្រឹងទប់អី បណ្ដោយ៌ឱ្យទឹកភ្នែកហូរមកឱ្យអស់ យំអស់ចិត្តពេលណា ក៏មានន័យថា វាដល់ពេលដែលយើងត្រូវចាប់ផ្ដើមជាថ្មីហើយ។

៣. ចងចាំវាទុកជាមេរៀន

រឿងអាក្រក់ៗដែលបានកើតឡើង ហើយធ្វើឱ្យយើងខកចិត្ត ខកបំណង មិនមែនសុទ្ធតែជារឿងមិនល្អទេ យ៉ាងហោចណាស់ ក៏វាបានផ្ដល់មេរៀនឱ្យយើងបានដឹង និងកាន់តែឆ្លាតជាងមុនដែរ។ ត្រូវចងចាំថា រឿងមិនល្អ គឺជាមេរៀនដ៏មានន័យ រឿងបរាជ័យ គឺជាបទពិសោធន៍ ដែលយើងមិនអាចរំលងបានឡើយ។



Image_2022 04 21_231035766

៤. បន្តរស់នៅក្នុងបច្ចុប្បន្នឱ្យបានល្អ

គ្មានអ្វីល្អជាបច្ចុប្បន្ននេះទេ ព្រោះអតីតកាល ទោះបីល្អយ៉ាងណា ឬអាក្រក់បែបណា ក៏វាបានកន្លងផុតទៅហើយ វាបន្សល់បានត្រឹមតែជាការចងចាំតែប៉ុណ្ណោះ ចំណែកអនាគតវិញ យើងសុទ្ធតែមិនអាចមើលឃើញ និងស្មានដឹងនោះឡើយ ដូច្នេះហើយ គ្មានអ្វីដែលល្អជាងបច្ចុប្បន្ននេះទេ ពេលវេលានេះហើយ ដែលអាចឱ្យយើងក្ដោបក្ដាប់ និងគ្រប់គ្រងបាន ដើម្បីធ្វើនូវអ្វីៗដែលយើងចង់ កែប្រែនូវអ្វីដែលយើងគិតថាគួរតែកែ។

Image_2022 04 21_231017752

៥. ស្រលាញ់​ខ្លួន​ឯង​ឱ្យ​ដល់​កម្រិត​អតិបរមា

ត្រូវដឹងថា ហេតុអ្វីបានជាយើងជួបរឿងខកចិត្ត ហេតុអ្វីមនុស្សខ្លះ ធ្វើឱ្យយើងខកបំណង ហេតុគឺព្រោះតែយើងរំពឹង និងផ្ដល់សង្ឃឹមចំពោះរឿងទាំងនោះ ឬមនុស្សទាំងនោះខ្លាំងពេក មកពីយើងស្រឡាញ់គេជាងខ្លួនឯងពេក ដូច្នេះហើយ ទើបគេធ្វើឱ្យយើងអស់សង្ឃឹមបែបហ្នឹង ព្រោះតែយើងរំពឹងថារឿងកើតឡើង នឹងល្អគ្រប់ដប់ ចុងក្រោយ មិនបានដូចចិត្ត យើងក៏ខកចិត្ត ខកបំណងអ៊ីចឹងទៅ។

យ៉ាងណាមិញ រៀនស្រឡាញ់ខ្លួនឯងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយឈប់រំពឹងលើអ្វីមួយ ជាពិសេសគឺ លើមនុស្សណាម្នាក់ គ្មានអ្វីដែលអាចបានដូចចិត្តយើងគ្រប់យ៉ាងទេ សូម្បីតែពេលខ្លះ យើងខ្លួនឯង ក៏ធ្វើឱ្យខ្លួនឯងខកចិត្ត និងអស់សង្ឃឹមដែរ ចុះទម្រាំតែអ្នកដទៃទៀត?

អត្ថបទ ៖ pHknongsrok / Knongsrok

អំពីអ្នកសរសេររបស់យើង៖ PEL KLAS