ទស្សនៈព្រហ្មវិហារធម៌ទាំង ៤ ​អប់រំពីសេចក្តីស្នេហា! អនុវត្តបានកាលណា ​ស្នេហានឹងមានក្តីសុខសុភមង្គល

គ្រប់គ្នាប្រាកដជាបានដឹងហើយថា ព្រហ្មវិហារធម៌ទាំង៤ របស់ព្រះពុទ្ធ រួមមាន មេត្តា ករុណា មុទិតា និងឧបេក្ខា គឺជាធម៌ដ៏ប្រសើរ ធម៌ដ៏បរិសុទ្ធ ដែលបានអប់រំចិត្តមនុស្សឱ្យមានក្តីសុខ ព្រមទាំងអប់រំការប្រព្រឹត្តិរបស់មនុស្សឱ្យដើរមកផ្លូវកណ្តាល ជាផ្លូវត្រឹមត្រូវចំពោះគ្រប់មនុស្ស និងសព្វសត្វទាំងពួង។

នៅក្នុងនោះដែរ ព្រហ្មវិហារធម៌ ទាំង៤ ត្រូវបានគេស្គាល់ថាមិនត្រឹមតែអាចមកអប់រំចិត្តជាទូទៅសម្រាប់មនុស្សគ្រប់រូប មិនថាតែប្រជាពលរដ្ឋធម្មតា មាតាបិតា កូនចៅ មេដឹកនាំប្រទេស ស្តេចគ្រប់គ្រងផែនដី ទេ សូម្បីសេចក្តីស្នេហាក៏មានបង្កប់អត្ថន័យអប់រំជ្រាលជ្រៅយ៉ាងច្រើនផងដែរ។

Buddha Quotes

ដូច្នេះថ្ងៃនេះយើងនឹងលើកយកទស្សនៈព្រហ្មវិហារធម៌ទាំង៤ ដែលមានន័យសំដៅចំពោះសេចក្តីស្នេហាយកមកធ្វើការបកស្រាយ ៖

១.មេត្តា

មេត្តា តាមន័យព្រះពុទ្ធសាសនាបានន័យថា ជាសេចក្តីល្អ សេចក្តីស្រលាញ់ ការរាប់អាន និងចង់ឱ្យអ្នកដទៃបានសុខ។

ហើយបើបកមកគិតពីសេចក្តីស្នេហាវិញ បានន័យថានៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ អ្នកត្រូវតែធ្វើយ៉ាងណាឱ្យម្នាក់នោះសប្បាយចិត្ត ហើយអ្នកក៏ត្រូវតែសប្បាយចិត្តដូចគ្នា ដោយការយល់ពីគ្នា ដឹងពីសេចក្តីត្រូវការ ការចង់បាន ភាពភ័យខ្លាច ឬបញ្ហារបស់ម្នាក់ៗឱ្យបានច្បាស់។ ដូច្នេះហើយ មេត្តានៅក្នុងសេចក្តីស្នេហា គឺបានន័យថា គឺការយល់ ការស្តាប់យោបល់គ្នា ដឹងពីក្តីស្រមៃ ការប្រាថ្នា និងទុក្ខលំបាកគ្នាទៅវិញទៅមក។

Depositphotos_202733048 Stock Video A Woman And A Man

២.ករុណា

ករុណា ន័យក្នុងព្រះពុទ្ធសាសនាបានន័យថា សេចក្តីសណ្តោស អាណិតអាសូរ ការជ្រោមជ្រែង និងការជួយសម្រាលទុក្ខលំបាក ឬក្តីឈឺចាប់របស់អ្នកណាម្នាក់។

បើនិយាយពីសេចក្តីស្នេហាហាក់មិនខុសគ្នាប៉ុន្មានឡើយ។ ធម្មតាការស្រលាញ់គ្នា គឺត្រូវតែមានភាពយោគយល់ អត់ឱនឱ្យគ្នា និងមានការអាណិតអាសូរគ្នាឱ្យបានច្រើន ជាពិសេសគឺការយល់ដឹងពីទុក្ខលំបាក និងជួយដោះស្រាយបញ្ហាឱ្យគ្នាទៅវិញទៅមក។ ដូច្នេះប្រសិនជាមនុស្សដែលអ្នកស្រលាញ់កំពុងតែពិបាកចិត្ត ឬមានទុក្ខលំបាកអ្នកត្រូវតែសួរនាំ ជួយទាំងកម្លាំងចិត្តគាំទ្រ និងជួយជាកម្លាំងកាយដោះស្រាយមិនថាតែការផ្តល់យោបល់ ឬហុចដៃរំលែកទុក្ខនោះឡើយ។



Thai Wedding 3

៣. មុទិតា

មុទិតា គឺជាសេចក្តីអំណរ ការអបអរសាទរ និងការសម្តែងក្តីសប្បាយរីករាយអស់ពីចិត្តពីថ្លើមចំពោះមនុស្សដែលនៅជុំវិញ។

សម្រាប់សេចក្តីស្នេហាវិញ នៅពេលដែលអ្នកធ្វើឱ្យមនុស្សជាទីស្រលាញ់ហើយអ្នកសប្បាយចិត្ត និងមានសេចក្តីសុខពិតចេញពីបេះដូង នោះបានន័យថានេះជាស្នេហាពិត ហើយចំណងស្នេហានេះពិតជាគង់វង្សរីកចម្រើនទៅមុខទៀតជាមិនខាន។

ដូច្នេះហើយអ្នកត្រូវតែចេះរកវិធី និងធ្វើយ៉ាងណារកភាពរីករាយសម្រាប់ខ្លួនឯងផង និងចែករំលែកសម្រាប់មនុស្សជាទីស្រលាញ់ផង និយាយរួមគឺត្រូវស្វែងរកសេចក្តីសុខរួមគ្នា ដើម្បីទទួលបានពេលវេលាដែលមានសេចក្តីសុខ និងសុភមង្គលក្នុងជីវិតស្នេហារបស់អ្នក។

Unnamed

៤.ឧបេក្ខា

ឧបេក្ខា មានន័យថាការតាំងចិត្តជាកណ្តាល មិនលំអៀង ការមិនគេចវេះ មានចិត្តស្មោះត្រង់មិនវៀចវេរ និងការផ្តល់សេរីភាព។

ចំពោះសេចក្តីស្នេហា បានន័យថាអ្នកត្រូវតែផ្តល់សេរីភាពឱ្យគ្នាទៅវិញទៅមក មានការទុកចិត្តគ្នាដោយមិនប្រកាន់ខឹង ការប្រចណ្ឌ ឬហួងហែងជ្រុលហួសហេតុពេកទេ ពិសេសគឺស្មោះត្រង់ និងមិនក្បត់គ្នា។ ដូចដែលអ្នកបានដឹងហើយថាអ្នកណាៗក៏សុទ្ធតែមានពេលវេលាផ្ទាល់ខ្លួនដែរ ដូច្នេះអ្នកត្រូវចេះចែករំលែកពេលវេលាឱ្យបានល្អ មានពេលសម្រាប់ខ្លួនឯងផង និងសម្រាប់គូស្នេហ៍ផងដើម្បីឱ្យមានភាពស្មើភាពគ្នា។ ជាពិសេសនៅពេលដែលអ្នកចេះយល់ពីគ្នា ទុកចិត្តគ្នានោះ អ្នកអាចនឹងចែកចំលែករឿងរ៉ាវជាមួយគ្នាជាច្រើនដោយមិនមានការព្រួយបារម្ភអ្វីឡើយ ហើយក៏ចេះទទួលស្គាល់ពីភាពពិត និងចរិតពិតរៀងខ្លួនដែរដោយមិនបាច់លាក់បាំងអ្វីនោះទេ៕

Couple Ceremony Respect Praying Temple Concept