តើគួរធ្វើបែបណា ទើបអាចឱ្យជីវិតយើងរស់នៅមានក្ដីសុខ?

ការប្រើជីវិតរស់នៅប្រចាំថ្ងៃ អ្វីដែលយើងគិតប្រាកដជាខំធ្វើការ រកលុយឱ្យបានច្រើន មានសុខភាពល្អ ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះគឺ យើងត្រូវមានក្ដីសុខ សប្បាយចិត្តឱ្យបានច្រើនៗ។​ យ៉ាងណាមិញ រឿងដែលគ្រប់គ្នាតែងតែខ្វល់គិត និងពិបាកធ្វើបំផុតនោះគឺ តើគួរធ្វើបែបណាដើម្បីឱ្យខ្លួនឯងបានសប្បាយចិត្ត? ខាងក្រោមនេះ ជាចំណុចខ្លះៗដើម្បីឱ្យគ្រប់គ្នាចាប់ផ្ដើមអនុវត្តន៍ ដើម្បីឱ្យខ្លួនឯងបានសប្បាយចិត្ត។

១. កុំខ្វល់ ឬយកចិត្តទុកដាក់ចំពោះពាក្យសម្ដី ឬគំនិតរបស់អ្នកដទៃខ្លាំងពេក ព្រោះមនុស្សខ្លះទោះយើងធ្វើល្អ ឬក៏អាក្រក់ក៏ដោយ គឺសុទ្ធតែមានគំនិតមិនល្អចំពោះយើងតាមបែបផ្សេងៗគ្នា។ អ្វីដែលសំខាន់ ក៏មានមនុស្សខ្លះ មិនដែលរីករាយ ឬសប្បាយចិត្តជាមួយនឹងលទ្ធផលដែលយើងប្រឹងប្រែងទេ ដូច្នេះយើងក៏មិនចាំបាច់ទៅខ្វល់អំពល់ទុក្ខនឹងគំនិត ឬពាក្យសម្ដីអវិជ្ជមានរបស់ពួកគេឡើយ។

២. ព្រមទទួលយកការពិត ជាពិសេសគឺលទ្ធផលដែលយើងទទួលបាន មិនថាល្អ ឬក៏អាក្រក់ សមបំណង ឬក៏អត់នោះទេ។ ត្រូវចាំថា ដំណើរនៃជីវិតរបស់មនុស្សយើងម្នាក់ៗ មិនមែនសុទ្ធតែអាចសមបំណងទាំងអស់នោះឡើយ។ មិនមែនអ្វីដែលយើងខំប្រឹង ឬចង់បានសុទ្ធតែអាចបានដូចចិត្តនោះទេ។ ជួនកាលវាអាចនឹងមិនត្រូវពេលវេលា ដូច្នេះអ្វីដែលយើងទទួលបានវាក៏មិនដូចចិត្តយើងដែរ។

123048906_1053819221725441_2679289738410000169_n

៣. ព្យាយាមគិតរឿងល្អៗ វិជ្ជមានឱ្យបានច្រើន រាល់គំនិត និងការគិតរបស់យើងដែលល្អៗ វាក៏នឹងជម្រុញឱ្យយើងទទួលបានលទ្ធផលដែលល្អគាប់ចិត្តបានច្រើនដែរ។

៤. ជឿជាក់ គោរព និងឱ្យតម្លៃលើខ្លួនឯងឱ្យបានច្រើន ត្រូវចាំថា ជីវិតយើង យើងនឹងអាចបង្ក់តរឿងរ៉ាវដ៏មានន័យ និងអស្ចារ្យសម្រាប់ខ្លួនឯងឱ្យបាន។

៥. កុំចេះតែយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកនេះ ឬអ្នកនោះ ព្រោះមនុស្សយើងមានជីវិតមួយដូចគ្នាមែន តែជាក់ស្ដែងស្ថានភាព និងលទ្ធផលនៃជីវិតគឺមិនដូចគ្នាទេ។ ម្យ៉ាងវិញទៀត មិនថាទោះបីជាយ៉ាងណា មនុស្សយើងម្នាក់ៗ គឺសុទ្ធតែមាគុណសម្បត្តិ មានតម្លៃតាមបែបផ្សេងៗគ្នា តែអ្វីដែលសំខាន់ គឺយើងខ្លួនឯងអាចកសាងគុណសម្បត្តិ និងធ្វើខ្លួនឱ្យបានល្អ មានតម្លៃបានដល់កម្រិតណា។

៦. កុំចេះតែបង្ខំ ឬព្យាយាមដាក់សម្ពាធ ធ្វើបាបចិត្តកាយខ្លួនឯងខ្លាំងពេក ត្រូវដឹងថាអ្វីក៏ដោយ គឺសុទ្ធតែត្រូវការពេលវេលាដើម្បីដោះស្រាយ ភាពជោគជ័យ ក៏ត្រូវការពេលវេលាដើម្បីជម្នះដែរ។ គ្រប់យ៉ាង គឺត្រូវការកម្លាំងចិត្ត ការលើកទឹកចិត្តដល់ខ្លួនឯង មិនមែនបង្ខំ ឬដាក់សម្ពាធនោះឡើយ។



123165439_1053819205058776_9067915578670112225_n

៧. ត្រូវចេះញញឹម មិនថាផ្លូវជីវិតស្ថិតក្នុងស្ថានភាពណាទេ អ្នកត្រូវតែចេះញញឹមឱ្យខ្លួនឯង យើងជាម្ចាស់នៃបញ្ហា យើងជាអ្នកបញ្ជា គ្រប់គ្រងលើវា មិនមែនបញ្ហាមកត្រួតត្រាលើយើង បញ្ជាយើងបានតាមចិត្តនោះឡើយ។

៨. បើចិត្តទទួលយកគុណវិបត្តិ និងចំណុចខ្វះចន្លោះរបស់ខ្លួនឯង ទទួលយករឿងដែលបានកើតឡើងកាលពីអតីតកាល ហើយរៀបកែប្រែ និងផ្លាស់ប្ដូរនូវចំណុចដែលបរាជ័យ ឱ្យមានន័យ និងល្អប្រសើរជាងមុន។

៩. ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន មើលថែខ្លួនឯងឱ្យបានល្អ គ្មាននរណាអាចមកស្រឡាញ់រហូត ក៏មិនមានអ្នកណាអាចមកមើលថែយើងបានគ្រប់ពេលដែរ ដូច្នេះមានតែយើងខ្លួនឯងហ្នឹងហើយ ដែលអាចស្រឡាញ់ និងមើកថែខ្លួនឯងបានល្អបំផុត និងអាចជួយខ្លួនឯងបានគ្រប់ពេលវេលា។

១០. ចេះជួយអ្នកដទៃ ចេះចែករំលែករឿងល្អៗឱ្យអ្នកជុំវិញខ្លួនយើង តាមលទ្ធភាពដែលយើងអាចធ្វើទៅបាន ព្រោះថាគ្មានសេចក្ដីសុខណាល្អជាងដែលយើងចេះបើកចិត្តផ្ដល់ឱ្យ ចែករំលែកដល់អ្នកដទៃដោយគ្មានគំនិត ឬរំពឹងការតបស្នងនោះឡើយ។ នៅពេលដែលអ្នកបានជួយនរណាម្នាក់ដែលកំពុងតែខ្វះខាត ឬត្រូវការជំនួយ ពេលនោះគេពិតជាសប្បាយចិត្តខ្លាំង ចំណែកយើងក៏មានក្ដីសុខដែរ ព្រោះវាជាបុណ្យកុសល និងទឹកចិត្តដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានឡើយ៕

123238189_1053819218392108_7054498783569841477_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ