តើគួរជឿអត់ គ្រូទាយ ឬអាចារ្យ ថា​ រៀបការមិនបានទេ ព្រោះខែឆ្នាំមិនល្អ ធាតុមិនត្រូវគ្នា

ធ្លាប់មានអ្នកសួរខ្ញុំថា មនុស្សពីរនាក់ស្រឡាញ់គ្នា តែគ្រូទាយ ឬអាចារ្យថា ខុសខែឆ្នាំ ឬខុសធាតុ រៀបការមិនបានទេ តើគួរជឿអត់?

សម្រាប់ខ្ញុំ បើនិយាយដល់រឿងគ្រូទាយ ឬអាចារ្យ ថាជឿក៏បាន ថាអត់ក៏បាន ព្រោះពេលខ្លះ ការនិយាយ ឬទស្សន៍ទាយរបស់គាត់ ក៏មានក្បួនតម្រា និងជាជំនឿពីបុរាណ ការសង្កេត និងភាពជាក់ស្ដែង គឺវាមានមែន។ តែបើសួរថា ចឹងជឿមែន? គឺសម្រាប់ខ្ញុំ ៥០/៥០ ប៉ុណ្ណោះ ព្រោះជំនឿទាំងឡាយ វាក៏មានការរួមផ្សំពីចរិតរបស់បុគ្គលដែរ។

39aa5709d40ab011475005911b851665

រឿងខ្សែវាសនា ទេវតាចារមកហើយ ក៏មិនអាចកែប្រែបានដែរ ប៉ុន្តែបើនិយាយចំពោះចំណងស្នេហា ឬជីវិតការរៀបការ ការប្រើប្រាស់ជីវិតដៃគូ វាមិនមែនស្ថិតលើធាតុ ឬខែឆ្នាំត្រូវគ្នា ឬមិនត្រូវនោះទេ ប៉ុន្តែវាអាស្រ័យលើចរិត បុគ្គលិកលក្ខណៈរបស់បុគ្គលផ្ទាល់ វាស្ថិតលើចរិតរបស់មនុស្សម្នាក់ៗ តើគេជាមនុស្សបែបណា មានចរិតយ៉ាងណា?

ជាក់ស្ដែងណាស់ មនុស្សខ្លះ គ្រូទាយ គ្រូហោតែងតែនិយាយ ឬទស្សន៍ទាយថា ធាតុល្អ ត្រូវគ្នា ខែឆ្នាំល្អ ជាគូនឹងគ្នា ប៉ុន្តែការពិត ពេលដែលប្រើជីវិតរួមគ្នា បែរជាមិនអាចចុះសម្រុងនឹងគ្នា រស់នៅជាមួយគ្នាមិនកើត ព្រោះតែចរិត បុគ្គលិកលក្ខណៈរបស់មនុស្សមិនកើតទៅវិញទេ មិនមែនមកពីខែឆ្នាំនោះឡើយ។



E91049cb313c36a4edb3de1f718da0e0

ខែឆ្នាំល្អប៉ុនណា ធាតុត្រូវគ្នាប៉ុនណា ក៏នៅតែមិនអាចជួយឱ្យមនុស្សពីរនាក់រស់នៅជាមួយគ្នាបានដែរ ធាតុ ឬខែឆ្នាំគ្រាន់តែជាការកត់ចំណាំរបស់ចាស់ៗ ឬពាក្យទំនាយប៉ុណ្ណោះ តែទីបំផុត ខែឆ្នាំ ឬធាតុនោះ ក៏មិនអាចចងភ្ជាប់ជីវិតគូឱ្យបានល្អ ឬយូរអង្វែងបានដែរ ព្រោះតែចរិតមនុស្សមិនកើត មិនចេះស្រឡាញ់ មិនចេះមើលថែរក្សាគ្នាឱ្យបានល្អ ម្នាក់ជាភ្លើង ម្នាក់ជាសាំង នៅជាមួយគ្នាកាន់តែយូរ បញ្ហាក៏កាន់តែខ្លាំង កាន់តែជាប់កម្មពៀរជាមួយគ្នា។

ដូច្នេះហើយ រឿងដៃគូជីវិត ឬដំណើរជីវិតខ្លួនឯងក៏ដោយ កុំសូវជឿលើពាក្យចំណារ ពាក្យអាចារ្យ ឬពាក្យគ្រូទាយពេក ព្រោះថាគ្រប់យ៉ាង គឺសម្អាងលើចរិត ចិត្តគំនិត របស់យើងខ្លួនឯងទេ ដូចពាក្យគេថា ចង់កែប្រែខ្សែវាសនា ត្រូវកែប្រែចរិតខ្លួនឯងជាមុនសិន

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ