ដាច់ខាតកុំឱ្យខ្លួនឯងក្រ … ជីវិត មិនបាច់មានពេក តែដាច់ខាត ថ្ងៃមុខ មិនអាចក្រឡើយ

ជាតិជាមនុស្ស អ្នកណាក៏ប្រាថ្នាមានបាន ស្ដុកស្ដម្ភ រស់នៅស្រណុកស្រួល មានសព្វគ្រប់បែបយ៉ាងដែរ ... ប៉ុន្តែមិនមែនគ្រប់គ្នាដែលចេះប្រាថ្នា សុទ្ធតែអាចក្លាយជាអ្នកមានស្ដុកស្ដម្ភ ដូចចិត្តប៉ងបានឡើយ ... តែយ៉ាងណាក៏ដោយ កើតមកជាមនុស្ស ទោះមិនបានក្លាយជាអ្នកមានស្ដុកស្ដម្ភ តែកុំឱ្យខ្លួនឯងក្រឱ្យសោះ ... ពាក្យថា ក្រ ក៏មិនមែនសម្ដៅទៅលើតែទ្រព្យសម្បត្តិ លុយកាក់នោះឡើយ ...!

១

១. កុំឱ្យក្រចិត្ត

ក្រទី មួយ គឺក្រចិត្ត ធ្វើជាមនុស្ស ទោះបីជាគ្មានអ្វីសោះ ក៏ត្រូវតែមានទឹកចិត្ត សេចក្ដីមេត្តា ភាពស្មោះត្រង់ ចំពោះមនុស្សជុំវិញខ្លួនដែរ មនុស្សដែលមានចិត្ត ទោះបីជាគ្មានទ្រព្យ គ្មានលុយកាក់ ក៏អាចទទួលបានការស្រឡាញ់ រាប់អាន ពីអ្នកផងទាំងពួង នៅជុំវិញខ្លួនដែរ។

មនុស្សខ្លះ មានណាស់ទ្រព្យសម្បត្តិ លុយកាក់ យសសក្តិ តែក្រចិត្ត ក្រសេចក្ដីល្អ ក្រភាពមេត្តា អាត្មានិយម មនុស្សបែបហ្នឹង ទោះបីជាមានទ្រព្យប៉ុនណា ក៏គ្មានញាតិមិត្ត គ្មានអ្នកស្រឡាញ់រាប់អានដែរ បើទោះជាមានអ្នកហែហម អែបអបរណបជាមួយ គេស្គាល់បានតែពពួកមនុស្សដែលសម្លឹងឃើញតែលុយកាក់ និងផលប្រយោជន៍តែប៉ុណ្ណោះ។

ដូច្នេះហើយ ទោះក្រទ្រព្យប៉ុនណាក៏ដោយ កុំឱ្យក្រទឹកចិត្តឱ្យសោះ ធ្វើជាមនុស្សមានចិត្តល្អ មានចិត្តមេត្តាសន្តោស នោះហើយ ដែលគេហៅថា ជាអ្នកមានពិតប្រាកដ ខ្សត់ទ្រព្យ តែមិនខ្សត់ចិត្ត ។

២. កុំក្រគំនិត កុំក្រចំណេះ

គំនិត និងចំណេះដឹង នឹងជួយឱ្យយើងមានអ្វីៗគ្រប់យ៉ាង អាចរកចិញ្ចឹមខ្លួនឯងបាន ត្រូវចាំថា ទោះបីកើតមកក្នុងគ្រួសារក្រីក្រ ទ្រព្យធនយ៉ាងណា ដរាបណាអ្នកមិនក្រគំនិត មិនក្រចំណេះដឹង អ្នកនឹងមានជីវិតប្រសើរទៅថ្ងៃមុខ អាចដឹកនាំជីវិតខ្លួនឯងបានដោយងាយ។

ដូចពាក្យចាស់ពោលថា " ចំណេះជាស្ពាន គ្មានអ្នកណាអាចលួចបានឡើយ " មានតែចំណេះដឹង និងគំនិតរបស់យើងទេ ដែលគ្មានអ្នកណាអាចឆក់ឆាប លួចប្លន់បាន ដូច្នេះហើយ ត្រូវខំប្រឹងរៀនសូត្រ ទោះមិនបានចប់ថ្នាក់ខ្ពង់ខ្ពស់ដូចគេ ក៏ត្រូវតែស្វែងរកចំណេះដឹងឱ្យខ្លួនឯងដែរ។ រស់នៅក្នុងសង្គមនេះ បើល្ងង់ មិនចេះអ្វីសោះ មិនត្រឹមតែមិនអាចជួយខ្លួនឯងបានទេ ថែមទាំងងាយនឹងឱ្យមនុស្សអាក្រក់ ធ្វើបាប កេងប្រវញ្ចលើយើងបានដោយងាយទៀតផង។

យ៉ាងណាមិញ បើយើងមានចំណេះដឹង មានគំនិត យើងក៏អាចក្លាយជាពលរដ្ឋល្អ អាចជួយអភិវឌ្ឍន៍ដល់សង្គមយើងផងដែរ។ សង្គមមួយអាចរីកចម្រើនទៅមុខ លុះត្រាតែមានមនុស្សដែលមានចំណេះដឹងពិតប្រាកដច្រើន។

២

៣. កុំក្រការខិតខំ អំណត់ កុំក្រការអត់ធ្មត់



ដូចពាក្យគេថា " ឱ្យតែឧស្សាហ៍ព្យាយាម មានការខិតខំ មិនអត់ស្លាប់ទេ " មនុស្សដែលចេះខិតខំ រមែងមានចិត្តតស៊ូ អត់ធ្មត់ និងឧស្សាហ៍ព្យាយាម មិនចេះប្រកាន់ការងារ មិនចេះប្រចាំគ្នីគ្នា មិនថាការងារតូចធំ ធ្ងន់ស្រាល គឺអាចធ្វើបានទាំងអស់ នេះគឺជាមនុស្សដែលមានចិត្តទូលាយ មានចិត្តធ្ងន់ ចេះអំណត់ និងចេះស្រឡាញ់ការងារ មនុស្សបែបហ្នឹង មិនថាទៅដល់ទីណា កន្លែងណា រមែងមានការងារធ្វើ អាចរកចំណូលចិញ្ចឹមខ្លួនឯងបាន ដោយមិនបាច់លាដៃសុំទានពីអ្នកណាឡើយ។

ធ្វើជាមនុស្ស កុំព្រោះតែក្រ ខ្វះខាត ក៏ធ្វើជាមនុស្សអត់បានការ លាដៃចាំតែសុំលុយ សុំទានមេត្តាពីអ្នកណា ដរាបណាមានដៃមានជើង យើងត្រូវចេះប្រើចំណេះ បើគ្មានចំណេះ ក៏ប្រើកម្លាំង រកលុយចាយ រកបាយហូបដោយកម្លាំងញើសឈាមខ្លួនឯង ទើបក្លាយជាមនុស្សមានតម្លៃ។

ការដែលចាំតែលាដៃសុំលុយអ្នកដទៃ វានឹងធ្វើឱ្យយើងបាត់បង់គុណតម្លៃនៃភាពជាមនុស្សរបស់យើង បើទោះជាអាចសុំគេបាន ក៏មិនមែនមានន័យថា គេអាចចិញ្ចឹមយើងបានមួយជី​វិតដែរ។ រស់នៅក្រោមការផ្ដល់ឱ្យពីអ្នកដទៃ វាមិនមានសេរីភាព មិនមានតម្លៃ ដូចការដែលយើងអាចរកលុយចាយ និងប្រើកម្លាំងចំណេះ កម្លាំងញើសឈាមយើងខ្លួនឯងឡើយ។

៤. កុំក្រសីលធម៌ សុជីវធម៌ និងគុណធម៌

សីលធម៌ សុជីវធម៌ គុណធម៌ គឺជារឿងសំខាន់ណាស់ មនុស្សបើក្រទាំង ៣ នេះហើយ នឹងក្រមួយជីវិត ក្រទាំងទ្រព្យ ក្រទាំងគំនិត ក្រទាំងញាតិមិត្ត ក្រគ្មានអ្នកណាចង់នៅក្បែរ រាប់រកនោះឡើយ។ ផ្ទុយមកវិញ ប្រសិនបើអ្នកគ្មានសីលធម៌ គ្មានសុជីវធម៌ គ្មានគុណធម៌ នឹងមានតែមនុស្សស្អប់ខ្ពើម ក៏គ្មានអ្នកណាគោរព និងឱ្យតម្លៃអ្នកទេ បើទោះបីជាអ្នកមានទ្រព្យ យសសក្តិ ខ្ពង់ខ្ពស់យ៉ាងណា ក៏គេ​មិនខ្លាចញញើតដែរ។

ធ្វើជាមនុស្ស បើអ្នកមានក្រសីលធម៌ សុជីវធម៌ និងគុណធម៌ អ្នកណាក៏គេស្គាល់ អ្នកណាក៏គេគោរព និងឱ្យតម្លៃអ្នកដែរ។ ម្យ៉ាងទៀត មនុស្សដែលមាន ៣ ចំណុចនេះ នឹងទទួលបានការស្ញើចសរសើរពីមនុស្សជុំវិញខ្លួន ថែមទាំងជាគម្រូ ដែលអ្នកផងចង់ឱ្យកូនចៅគេធ្វើតម្រាប់តាមអ្នកផងដែរ។

៣

៥. កុំក្រលុយកាក់

ចូរចាំពាក្យមួយឃ្លា " មិនអាចក្លាយជាអ្នកមាន តែដាច់ខាតកុំឱ្យខ្លួនឯងក្រ " ប្រើប្រាស់ចំណេះ ធនធានដែលអ្នកមាន ជាមួយនឹងការខិតខំ ប្រឹងប្រែង តស៊ូ មិនខ្លាចភាពហត់នឿយ មិនប្រកាន់ការងារ រក្សាគុណធម៌ ព្រមជាមួយនឹង ការចេះទុកដាក់ រៀបចំអនាគតរបស់ខ្លួនឯង អ្នកនឹងមិនក្រវេទនាឡើយ។

កុំដើរទាត់ខ្យល់ កុំខ្វល់ពីគំនិត និងពាក្យសម្ដីអ្នកណាដែលព្យាយាមបំបាក់ស្វារតីអ្នក ធ្វើជាមនុស្សត្រូវមានមហិច្ឆតា តែកុំលោភលន់ កុំអាត្មានិយម ត្រូវតែមានគោលដៅច្បាស់លាស់ មានការងារ មានមុខរបរនឹងន ធ្វើយ៉ាងណា រក្សាជំហឱ្យខ្លួនឯងឱ្យបានមាំទាំ ខំប្រឹងរក ទុកដាក់ សន្សំ កុំឱ្យខ្លួនឯងក្រជាដាច់ខាត។

ត្រូវដឹងថា ប្រសិនបើយើងមិនធ្វើអ្វី យើងច្បាស់ជាក្រ ការដែលក្រ ខ្វះខាត មិនត្រឹមតែយើងទេដែលលំបាក អ្នកផ្ទះ ក្រុមគ្រួសាររបស់យើងក្រលំបាកជាមួយយើងដែរ។ ក្រគេមើលងាយណាស់ ក្រគេធ្វើបាបណាស់ ក្ររកអ្នកណាក៏គេមិនឱ្យយើងដោយងាយដែរ។ តែផ្ទុយមកវិញ ប្រសិនបើយើងមានលុយកាក់សមគួរ សមល្មម អាចចិញ្ចឹមខ្លួនឯងបាន ក៏អាចជួយគ្រួសារយើងបានដែរ មិនបាច់ត្រូវមើលនឹងភ្នែកពេលឃើញអ្នកផ្ទះលំបាក មិនបាច់ត្រូវទៅហារមាត់សុំ ឬខ្ចីអ្នកណាពេលខ្វះខាត ... អាចជួយខ្លួនឯងបាន អាចមើលថែគ្រួសារបាន មានប្រាក់កាសគ្រប់គ្រាន់ គេហូបឆ្ងាញ់ យើងក៏មានហូប គេស្លៀកពាក់ស្អាតបាត យើងក៏មាន គេដើរលេងបាន យើងក៏មានលុយដើរលេងបាន ប៉ុណ្ណឹង គឺយើងមានហើយ ...!!!៕

អត្ថបទ ៖ លីម បញ្ញា / មនុស្សចុងក្រោយ / ក្នុងស្រុក Knongsrok

អំពីអ្នកសរសេររបស់យើង៖ PEL KLAS