« ជំនឿមេបាកាច់ឈឺ ឬដល់ស្លាប់ » និងពិធីសែនព្រេនជាកិច្ចពិធីឱ្យត្រូវតាមក្បួនខ្នាតខ្មែរពីបុរាណ

#  ជំនឿមេបាកាច់

តាមទំនៀមទម្លាប់ និងជំនឿដូនតាខ្មែរពីបុរាណ កូនចៅតែងតែមានព្រលឹងមេបា (ដូនតា ឪពុកម្តាយ) នៅតាមថែរក្សាជានិច្ច ដោយ ព្រលឹង មេបា តែងតែជួយឱ្យពរជ័យសិរីសួស្តីដល់កូនចៅណាដែលប្រព្រឹត្តត្រឹមត្រង់តាមគន្លងប្រពៃណីខ្មែរ និងតាមដំបូន្មានរបស់ឪពុកម្តាយ។ ប៉ុន្តែ ជួនកាលព្រលឹងនេះ ក៏ដាក់ទោសទណ្ឌចំពោះកូនចៅផងដែរ។ ដូច្នេះហើយ កាលណាមានមនុស្សក្នុងគ្រួសារឈឺ គេតែងតែប្រញាប់ទៅរកគ្រូទស្សន៍ទាយឱ្យដឹងថា តើឈឺដោយហេតុអ្វី ?

#  រោគសញ្ញា និងមូលហេតុដែលនាំឱ្យមេបាកាច់

ជំងឺដែលសង្ស័យថាព្រលឹង មេបា ធ្វើនោះ គឺអស់កម្លាំងល្ហិតល្ហៃមិនចង់និយាយស្តី ជួនកាលអ្នកជំងឺតឹងទ្រូង មួម៉ៅដេកមិនលក់ ចេះតែនឹកកម្សត់អាណិតខ្លួនចង់យំម្តងៗក៏មាន។ ចំណុចដែលគួរឱ្យកត់សម្គាល់នោះ គឺអ្នកជំងឺធ្វើទុក្ខទៀងពេល ដូចជាពេលរសៀលជាដើម។

បើអ្នកជំងឺណាមានសញ្ញាបែបនេះ ហើយបើគ្រូមើលក្បួនទស្សន៍ទាយថា ត្រូវព្រលឹង មេបា ធ្វើនោះ គេក៏ត្រូវវែកញែកឱ្យដឹងទៀតថា តើខ្មោច មេបា ប្រភេទណាដែលធ្វើឱ្យឈឺ។ ព្រោះតាមប្រពៃណីខ្មែរពីបុរាណរៀងមក គេធ្លាប់ដឹងថា

ប្រភេទដែលខ្មោច មេបា តែងតែធ្វើឲ្យឈឺ គឺ៖

11401550_468604403317194_3469537386150333443_n

១-ចាស់ទុំក្រមុំ-កំលោះ ៖ គឺយុវជន និងយុវនារី លបលួចស្រឡាញ់គ្នាដោយបានខ្លួនបានប្រាណ កន្លងនឹងប្រពៃណី ក៏ដូចជាក្បត់ចិត្តឪពុកម្តាយ។

២-ចាស់ទុំពំនាក់បំពង់៖ គឺបុរសមានប្រពន្ធហើយ លួចមានសហាយស្មន់ជាមួយនឹងស្ត្រីដែលមានប្តីហើយ ឬស្ត្រីមេម៉ាយ។

៣-ចាស់ទុំមាត់ពាក្យ៖ គឺមនុស្សក្នុងក្រុមគ្រួសារសាច់ញាតិឈ្លោះទាស់ទែងគ្នា តមមាត់តមក មិននិយាយស្តីរកគ្នា។

បើកាលណាមានបាតុភូតទាំងបីបែបនេះកើតឡើងនៅក្នុងគ្រួសារណាមួយ ហើយបើមនុស្សចាស់ៗនៅក្នុងគ្រួសារនេះមិនដឹង ហើយក៏ពុំមានការដោះស្រាយបែបណាមួយនោះព្រលឹង មេបា តែងតែខឹងយ៉ាងខ្លាំង ហើយនឹងធ្វើឱ្យមនុស្សណាម្នាក់ក្នុងត្រកូលនោះឈឺ ក្នុងន័យចង់ព្រមានអំពីហេតុដែលមិនរវាំងពិនិត្យមើលការខុសត្រូវក្នុងវង្សត្រកូល បណ្តែតបណ្តោយឱ្យមានការថ្លោះធ្លោយជ្រុលជ្រួស

បែបនេះ។

92eb9899 Cd00 40b8 A752 18a6176a459b

#ពិធីសែនព្រេន នៅពេលដែលព្រលឹងខ្មោច មេបា កាច់. ឬពិធីសែនចាស់ទុំ

លុះគ្រូហ្មបានព្យាករទស្សន៍ទាយដឹងថា ត្រូវព្រលឹងមេបាចាស់ទុំ ធ្វើឲ្យឈឺហើយនោះ គេត្រូវរៀបចំសែនព្រេនដើម្បីអង្វរករព្រលឹងដូនតាឱ្យលែងខឹង ព្រមទាំងធ្វើឱ្យអ្នកជំងឺបានជាសះស្បើយឡើងវិញ។

ដល់ថ្ងៃកំណត់ដែលត្រូវសែននោះ ជាចាំបាច់គេត្រូវ៖

១-អញ្ជើញចាស់ទុំស្រីប្រុសក្នុងស្រុកឱ្យបាន៧ ឬ៨នាក់ចូលរួមនៅផ្ទះអ្នកជំងឺ។

២-អញ្ជើញសាមីខ្លួនអ្នកប្រព្រឹត្តខុសប្រពៃណី។

៣-រៀបចំតាក់តែងតង្វាយ សំណែនផ្សេងៗដូចជា៖

-ម្ហូបអាហាររួមមានបង្អែម ចំអាប (បង្អែម៤ចានចំអាប៤ចាន) ។

-រៀបចំស្រូវ១កញ្ជើ លើកព្យួរលើសង្រែក ស្លាធម៌១គូទៀន៥ ធូប៥ ម្លូស្លាបារី។ លុះជួបជុំគ្នាហើយ គេត្រូវដុតទៀនធូប ហើយលើកដៃប្រណម្យឡើងដោយពោលព្រមៗគ្នាថា «ឱ! ព្រះតេជះម្ចាស់ថ្លៃ ថ្ងៃនេះថ្ងៃជាពេលាល្អ យើងខ្ញុំទាំងអស់គ្នាបានរៀបចំភស្តុភារ សំណែនតង្វាយ ផ្សេងៗមកដាក់តម្កល់នៅទីនេះថ្វាយចំពោះព្រលឹងខ្មោចមេបាចាស់ទុំជីដូនជីតាទាំងអស់ដែលបានអាក់អន់ស្រពន់ចិត្តនឹងពួកយើងទាំងអស់គ្នា ហើយបានពាល់ពែងឱ្យឈ្មោះ (ឈ្មោះអ្នកជំងឺ) ឈឺ ឥឡូវសូមព្រលឹងដូនតាមេបាចាស់ទុំ មេត្តាលើកលែងទោសកំហុសឱ្យយើងទាំងអស់គ្នា ដែលបានធ្វេសប្រហែសមិនបានមើលការខុសត្រូវ ចំពោះឈ្មោះ(ឈ្មោះអ្នកប្រព្រឹត្តខុស)បណ្តាលឱ្យមានការភ្លាំងភ្លាត់ ថ្លោះធ្លោយ ឥឡូវយើងខ្ញុំបានដឹងហើយ ព្រមទាំងហៅសាមីខ្លួនឱ្យមកក្រាបសំពះសូមខមាលទោសចំពោះព្រលឹងមេបាចាស់ទុំ ដូនតាសូមឱ្យឈប់ប្រកាន់នឹងពួកវា ហើយសូមស្តោះព្រួសបោសផ្លុំ ឱ្យកូនចាបឈ្មោះ (ឈ្មោះអ្នកជំងឺ) បានជាសះស្បើយ ល្ហើយពីថ្ងៃនេះទៅ...» ។



2 48

ត្រូវសែនដោយនាំគ្នាពោលពាក្យបែបនេះជាគម្រប់បីដងដោយបង្គាប់ឱ្យអ្នកប្រព្រឹត្តកន្លងប្រពៃណីលើកដៃសំពះសុំទោសជាឧឡារិកនៅចំពោះមុខអង្គប្រជុំ ហើយប្តេជ្ញាលែងប្រព្រឹត្តខុសឆ្គងបែបនេះតទៅទៀត។ ពិធីសែននេះអាចមានខុសប្លែកគ្នា ខ្លះៗទៅតាមស្រុក ខេត្តតំបន់ ប៉ុន្តែពិធីនេះមានវត្ថុបំណងដូចគ្នា។

#ការសែនព្រេនមេបាកុំឱ្យកាច់ពេលស្រុកទេសមានទុរ្ភិក្ស ឬចម្បាំងរាំងជល ឬប្រការឯណាដែលមិនអាចរៀបអាពាហ៍ពិពាហ៍ពេញខ្នាតបាន

ក្នុងសណ្ដាប់អាពាហ៍ពិពាហ៍ខ្មែរ កូនប្រុសកូនស្រីក្លាយជាប្ដីប្រពន្ធនៅពេលផ្ទឹម គឺកិច្ចមង្គលទាំងអស់បញ្ចប់ត្រឹមផ្ទឹម បង្វិល ពពិល សែនចងដៃនេះដែលជាកិច្ចមង្គលធំ។ មេបា ទាំងនៅរស់ និងមេបាដែលជាអមនុស្សទទួលស្គាល់ថាកូនប្រុសកូនស្រី ជាប្ដីប្រពន្ធពីត្រឹមណេះ។

កូនប្រុសត្រូវហែវត្ថុមង្គល គឺផ្កាស្លាបី អង្ករជ័យ ពពិល និងប្រាក់ស្នាប់ទឹកដោះឡើងទៅផ្ទះលោកមេបាដើម្បីសុំកូនស្រីលោកមេបាចេញមកផ្ទឹម (ហេតុនេះទើបកូនប្រុសត្រូវសែនក្បាលជណ្ដើរ សុំឡើងទៅដើម្បីក្លាយជាសមាជិកក្នុងផ្ទះ ហើយម្ចាស់ផ្ទះលាងជើងកូនប្រុសដើម្បីជម្រះមន្ទិលទាំងពួង និងស្វាគមន៍មកជាអ្នកផ្ទះខ្លួនដែរ) ។

189548162_310252977251527_360797222209771336_n

167096125_272452621031563_1708569416720017412_n

បើស្រុកទេសមានទុរ្ភិក្ស ឬចម្បាំងរាំងជល ឬប្រការឯណាដែលមិនអាចរៀបអាពាហ៍ពិពាហ៍ពេញខ្នាតបាន លោកឲ្យចងផ្កាស្លាបី លើកសំពះគុណមេបា មានបាយសម្ល និងបង្អែមពីរស្ពក ផ្លែឈើមួយគូ ម្លូស្លា សែនជម្រាបមេបាទាំងសង្ខាងឲ្យលោកទទួលស្គាល់ នោះកូនប្រុស កូនស្រីបានឈ្មោះថាសម្រេចជាប្តីប្រពន្ធតាមទម្រង់ការព្រះជ័យចេស្ដាស្រេចបាច់តាមប្រពៃណីខ្មែរ។

ពពិល

គ្រឿងមង្គលសម្រាប់អាពាហ៍ពិពាហ៍ខ្មែរ ស្រាពក៍ទឹកសំបួរអប់ដោយសំបួរមាសសម្រាប់ប្រោះព្រំ និងបិតទៀនពេលា, ផ្តិលអង្ករជ័យ ពពិល ម្លូលត់ពពិល, ហិបរងស្លៀកសូត្រមួយគូ, ស្លាពាន់, តៀបបាយព្រះលឹង, សំពត់អាវឆ្វេងស្ដាំ, ផ្លាស្លាបី, ត្រួយបី (ត្រួយគឺម្លូដែលមូរនឹងផ្កាស្លាមួយទងដាក់លើខ្នើយសម្រាប់កូនកម្លោះហូតដៃ)។

191834960_310252080584950_7079147560256380344_n

167096125_272452621031563_1708569416720017412_n

បើទោះបីវាជាជាប្រពៃណី និងអប្បិយជំនឿរបស់ខ្មែរតាំងពីបុរាណកាលមកពិតមែន តែវាជាពិធីដើម្បីឱ្យកូនចៅប្រុសស្រីមានសិរីសួស្ដី។ ដូច្នេះ ជឿ ឬមិនជឿ គប្បីកុំប្រមាថ ព្រោះនេះជាជំនឿរបស់ប្រជាជនខ្មែរមានអាយុកាលជាយូរលង់ណាស់មកហើយ៕

ដកស្រង់ពី៖ "កម្រងឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ" របស់ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ /ពពិល-Popil Event Stylist

កែសម្រួលដោយ៖ ក្នុងស្រុក

166722302_272452477698244_5872433388465913937_n

191097420_310252743918217_6499014254884472118_n

166958530_272452521031573_3584103227699253221_n

191600167_310252253918266_4998420846655206041_n

192680969_310252483918243_5772087673940498934_n