កើតជាមនុស្សស្រី​ បើយកប្ដី ត្រូវរកបុរសដែលមានចិត្តដូចប៉ា ទោះខឹងនឹងយើងយ៉ាងណា​ ក៏នៅតែគិតបារម្ភ សំខាន់មិនលើកដៃវាយយើងដែរ

យើងគ្រប់គ្នាប្រាកដជាដឹងហើយថា បុរសដែលជាឪពុករបស់យើង គឺស្រឡាញ់ថ្នាក់ថ្នម បារម្ភ ខ្វល់ខ្វាយ នឹកគិតពីកូនស្រីបំផុត តែគាត់មិនដែលនិយាយ ឬបង្ហាញឱ្យយើងបានដឹង និងឃើញនោះឡើយ។ តែយ៉ាងណា យើងក៏អាចដឹងពីចិត្តរបស់គាត់តាមរយៈទង្វើ កាយវិការដ៏ស្ងប់ស្ងាត់របស់គាត់បានដែរ។ ជាក់ស្ដែង ដូចពេលដែលគាត់ខឹងនឹងយើង ត្រឹមស្ដីបន្ទោសពីបីម៉ាត់តែប៉ុណ្ណោះ ​ហើយឪពុកស្ទើរតែទាំងអស់ហើយដែលមិនងាយលើកដៃ វាយកូនស្រីរបស់ខ្លួនទេ ព្រោះចិត្តជាឪពុកដែលស្រឡាញ់កូនស្រី គឺធ្ងន់ណាស់ ដៃរបស់គាត់ក៏ធ្ងន់ដែរ គឺលើកវាយដុំកូនស្រីមិនរួចឡើយ។ តែអ្វីដែលសំខាន់ នៅពេលដែលគាត់ខឹងនឹងយើង គឺត្រឹមរអ៊ូបន្តិចបន្តួច ស្ដីបន្ទោស តែមិនដែលហាមាត់ជេរប្រទេចកូនស្រីឡើយ។ ចំណែកឯចិត្តរបស់គាត់វិញ បារម្ភណាស់ ខ្វល់ណាស់ គិតគូរណាស់ ព្រោះដឹងថាកូនជាស្រី ដូច្នេះអ្វីដែលអាចធ្វើបានគឺ ការពារ មើលថែ ថ្នាក់ថ្នម មិនឱ្យអ្នកណាមកប៉ះពាល់​ ធ្វើបាបកូនស្រីរបស់គាត់បានឡើយ។

123138025_176016704131617_1898282756752379060_n

យ៉ាងណាមិញ មនុស្សស្រីទាំងឡាយ ប្រសិនបើអ្នកជ្រើសរើសយកគូជីវិត ឬស្វាមី អ្នកក៏គួរតែរកឱ្យបានបុរសដែលមានចិត្តត្រាប្រណី ខន្តី អធ្យាស្រ័យ អនុគ្រោះ ចំពោះយើង ប្រៀបដូចជាឪពុកសន្ដោសដល់កូនស្រីអ៊ីចឹងដែរ។ ខឹងយ៉ាងណាក៏មិនជេរប្រទេច ខឹងយ៉ាងណាក៏មិនលើកដៃវាយតបកូនស្រី អ្វីដែលសំខាន់ក្នុងពេលដែលខឹង អាចមិននិយាយ តែចិត្តនៅតែនឹកគិត បារម្ភពីយើងគ្រប់ពេលវេលា និងពេញមួយជីវិតរបស់យើង។



បុរសដែលស្រឡាញ់យើងពិត អាចមិនដែលនិយាយពាក្យថាស្រឡាញ់ ឬនិយាយសម្ដីផ្អែមល្ហែមដាក់យើងទេ មិនខុសអីពីឪពុករបស់យើង តែចិត្តដែលស្រឡាញ់គឺមិនសាបសូន្យ មិនដែលប្រែប្រួលឡើយ ហើយអ្វីដែលសំខាន់គឺ ភាពសោះកក្រោះរបស់គាត់​ ក៏ជាចំណុចស្មោះត្រង់មួយរបស់គាត់ដែរ ព្រោះថាមនុស្សប្រុស ភាគច្រើនដែលសម្ដីផ្អែមពីរោះ គឺសុទ្ធតែគួរឱ្យខ្លាច មានពុតត្បុត ល្បិចកល់ច្រើនណាស់៕

123439267_176123584120929_3240055039556310741_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ