កុំទាន់អាលរៀបការ ដរាបណាអ្នកនៅមិនទាន់អាចបោះបង់ក្ដីសុខ សេរីភាពផ្ទាល់ខ្លួនបាន

ការរៀបការ សាងគ្រួសារថ្មីមួយដែលជារបស់ខ្លួនឯង វាមិនមែនជារឿងដែលងាយស្រួលនោះឡើយ។ នៅក្នុងគ្រួសារមួយ គឺទាមទារឱ្យអ្នកត្រូវមានទំនួលខុសត្រូវទេ្វដង ទាំងចំពោះជីវិតខ្លួនឯង និងជីវិតរបស់ដៃគូ ជាពិសេសគឺ តទៅថ្ងៃមុខ អ្នកត្រូវទទួលបន្ទុកកាន់តែខ្លាំងបន្ថែមនោះគឺ មើលថែ ទំនុកបម្រុងកូនៗរបស់អ្នក។

អ្នកត្រូវដឹងថា នៅពេលដែលអ្នកសម្រេចចិត្តរៀបការហើយនោះ គឺជីវិតរបស់អ្នកគឺត្រូវតែផ្លាស់ប្ដូរកែប្រែទាំងស្រុង ព្រោះជីវិតមានប្ដីមានប្រពន្ធ គឺមិនដូចជាជីវិតដែលអ្នកនៅលីវម្នាក់ឯងនោះឡើយ។ មានរឿងជាច្រើនដែលអ្នកត្រូវតែកាត់បន្ថយ ឬអាចនឹងកាត់ផ្ដាច់ទាំងស្រុង ហើយក៏មានរឿងជាច្រើនទៀតដែលអ្នកត្រូវតែព្យាយាមបន្ថែម និងបង្កើនឡើងឱ្យបានច្រើនជាងមុនដែរ។

119153954_1010423549398342_1097857859245451128_o

ចិត្តធ្ងន់ ចិត្តអំណត់ ការខិតខំប្រឹងប្រែងធ្វើការ រកលុយ បន្ថែមចំណូលដើម្បីក្រុមគ្រួសារ រួមមានទាំងពេលវេលាដែលអ្នកត្រូវតែបែងចែកឱ្យបានល្អសម្រាប់កិច្ចការងារ និងសម្រាប់ក្រុមគ្រួសាររបស់អ្នកផងដែរ។ លើសពីនេះ អ្នកត្រូវតែត្រៀមខ្លួន និងពង្រឹងបញ្ញាស្មារតីរបស់ខ្លួនឯង ឱ្យកាន់តែរឹងមាំ និងស្វាហាប់ជាមុន ដើម្បីប្រឈមមុខជាមួយនឹងបញ្ហា ការលំបាក និងឧសគ្គនានាដែលនឹងកើតឡើងនៅក្នុងជីវិតគ្រួសាររបស់អ្នក។



119146843_1010569932717037_1584964886517077070_o

ម្យ៉ាងវិញទៀត ចំណុចដែលអ្នកគួរតែកាត់បន្ថយនោះគឺ ការដើរលេងស៊ីចាយ ការសប្បាយផ្ទាល់ខ្លួន ដើម្បីប្ដូរយកក្ដីសុខ សុភមង្គល ភាពរីករាយរួមគ្នាជាមួយក្រុមគ្រួសាររបស់អ្នក។ មិត្តភក្តិណាដែលអាចកាត់ចោលបានក៏កាត់ចោលទៅ ក៏មានទង្វើ និងអាកប្បកិរិយាមួយចំនួនទៀតដែលអ្នកត្រូវតែធ្វើការផ្លាស់ប្ដូរ និងកែប្រែដើម្បីដៃគូជីវិតរបស់អ្នក ព្រោះអ្នករៀបការ មានគ្រួសារហើយ អ្នកត្រូវតែចេះស្ដាប់ ចេះត្រាប់តាមដៃគូរបស់អ្នក ចេះសួរមតិយោបល់ពីគ្នា មិនមែនចង់ធ្វើអ្វីក៏ធ្វើតាមតែអំពើចិត្ត មិនមែនចេញក្រៅទៅណាមកណា មិនប្រាប់ដល់អ្នកផ្ទះ ធ្វើខ្លួនដូចមនុស្សខ្លួនមួយដូចកាលមុនបានទេ។ បើអ្នកអាចផ្លាស់ប្ដូរ កែប្រែខ្លួនឯងបាន ដើម្បីក្រុមគ្រួសាររបស់អ្នក នោះធានាថា ជីវិតប្ដីប្រពន្ធ និងនៅក្នុងគ្រួសារអ្នកប្រាកដជាមានតែរឿងល្អៗ និងភាពរីករាយសប្បាយចិត្ត កក់ក្ដៅ ពោរពេញដោយសុភមង្គលដ៏យូរអង្វែង៕

119060384_1009637372810293_3073077650574979268_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ